សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

អភិបាលខេត្តព្រះសីហនុអំពាវនាវអ្នកនេសាទ និងអ្នកធ្វើដំណើរតាមផ្ទៃសមុទ្របង្កើនការប្រុងប្រយ័ត្នចំពោះរលកខ្ពស់ៗ

ព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានអំពាវនាវឱ្យអ្នកនេសាទ និងអ្នកធ្វើដំណើរតាមផ្ទៃសមុទ្រត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះខ្យល់ និងរលកខ្ពស់ៗដែលអាចនឹងកើតមាននៅប៉ុន្មានថ្ងៃខាងមុខនេះតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម។

តាមរយៈសារសំឡេងរបស់លោកអភិបាលខេត្តព្រះសីហនុបង្ហោះនៅផេកហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ លោក គួច ចំរើន បានប្រាប់ឱ្យអាជ្ញាធរពាក់ព័ន្ធតាមដាន និងផ្សព្វផ្សាយអំពីបញ្ហាអាកាសធាតុដល់អ្នកនេសាទ ពលរដ្ឋ និងភ្ញៀវទេសចរធ្វើដំណើរតាមកប៉ាល់ និងទូកនានាឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះខ្យល់ និងរលកខ្ពស់ៗដែលអាចកើតមាននៅថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែធ្នូ ខាងមុខនេះ។

លោកអភិបាលខេត្តបានប្រាប់ឱ្យប្រជានេសាទ និងភ្ញៀវទេសចរធ្វើដំណើរតាមទូក និងកប៉ាល់ បើអាចជៀសវាងបានកុំធ្វើដំណើរតាមផ្ទៃសមុទ្រ ដើម្បីបញ្ចៀសហានិភ័យណាមួយកើតឡើងដោយសារខ្យល់ និងរលកសមុទ្រធំៗ។

លោកបន្តថា ប្រសិនមានការចាំបាច់ត្រូវតែធ្វើដំណើរតាមផ្ទៃសមុទ្រ គួរតែពាក់អាវពោងការពារ ហើយម្ចាស់ទូក និងកប៉ាល់ត្រូវតែត្រួតពិនិត្យ និងត្រៀមសម្ភារការពារសុវត្ថិភាពឱ្យបានល្អិតល្អន់មុនចេញដំណើរតាមផ្លូវទឹក។

ក្រសួងធនធានទឹក និងឧតុនិយមបានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី១៤-២០ ខែធ្នូ ឆ្នាំ២០២២ កម្ពុជានឹងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាន្តក្នុងកម្រិតពីបង្គួរទៅខ្លាំង។ ឥទ្ធិពលទាំងនេះនឹងធ្វើឱ្យតំបន់មួយចំនួនចុះត្រជាក់។ ដោយឡែកនៅតាមផ្ទៃសមុទ្រអាចនឹងមានខ្យល់ និងរលកក្នុងកម្រិតពីមធ្យមទៅបង្គួរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក