កាតា៖ ការប្រកួតបាល់ទាត់ជើងឯកពិភពលោក ៤ឆ្នាំម្តង FIFA World Cup ឆ្នាំ២០២២ បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រហើយ ពោលគឺក្រុមការពារតំណែងជើងឯកមាន់គកបារាំង និងត្រូវជួបជាមួយក្រុមពពក-ស អាហ្សង់ទីន នៅយប់ថ្ងៃអាទិត្យ ទី១៨ ខែធ្នូខាងមុខនេះ។
ថ្ងៃនេះ EAC News សូមណែនាំឱ្យស្គាល់នូវអាជ្ញាកណ្តាលដែលនឹងទទួលភារៈកិច្ចកាត់សេចក្តីការប្រកួតដ៏សំខាន់នេះឱ្យប្រិយមិត្តបានស្គាល់។ អាជ្ញាកណ្តាលដែលនឹងកាត់សេចក្តីការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមជម្រើសជាតិបារាំង និងក្រុមជម្រើសជាតិអាហ្សង់ទីនគឺលោក Szymon Marciniak ជាអាជ្ញាកណ្តាលសញ្ជាតិប៉ូឡូញ មានវ័យ ៤១ឆ្នាំ។ លោក Szymon Marciniak គឺជាអាជ្ញាកណ្តាលសញ្ជាតិប៉ូឡូញដំបូងគេ ដែលកាត់សេចក្តីវគ្គផ្តាច់ព្រ័ត្រ World Cup ក្រោយលោកត្រូវបានជ្រើសជាអាជ្ញាកណ្តាលតាំងពីព្រឹត្តិការណ៍ World Cup ២០១៨ នៅរុស្សីមក។
ដោយឡែក ចំពោះជំនួយការអាជ្ញាកណ្តាលទីមួយ និងទីពីរតម្រូវទៅលើលោក Pawel Sokolnicki និងលោក Tomasz Listkiewicz ដែលជាអាជ្ញាកណ្តាលសញ្ជាតិប៉ូឡូញដ៏គ្នា។
ដោយឡែក អាជ្ញាកណ្តាលសញ្ជតិកាតា លោក Abdulrahman Al Jassim ត្រូវបានជ្រើសជាអាជ្ញាកណ្តាលកាត់សេចក្តីការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ៣ រវាងក្រុមជម្រើសជាតិម៉ារ៉ុក ទល់នឹងក្រុមជើងឯករង ២០១៨ ក្រូអាត។ លោក Abdulrahman Al Jassim នឹងត្រូវអមដោយជំនួយការអាជ្ញាកណ្តាល ២រូបទៀតរួមមាន លោក Taleb Al Marri និង Saoud Ahmed Almaqaleh។
ការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ៣ រវាងក្រុមជម្រើសជាតិម៉ារ៉ុក ទល់នឹងក្រុមជម្រើសជាតិក្រូអាត នឹងធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូស្អែកនេះ នៅកីឡដ្ឋាន Khalifa International Stadium វេលាម៉ោង ១០យប់ ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមជម្រើសជាតិបារាំង ទល់នឹងក្រុមជម្រើសជាតិអាហ្សង់ទីន នឹងធ្វើឡើងនៅថ្ងៃទី១៨ ខែធ្នូ នៅកីឡដ្ឋាន Lusail Stadium វេលាម៉ោង ១០យប់ដូចគ្នា៕
អាជ្ញាកណ្តាលសញ្ជាតិកាតា លោក Abdulrahman Al Jassim