នាយករដ្ឋមន្ដ្រីកម្ពុជា និងប្រធានាធិបតីបារាំងសាទរវឌ្ឍនភាពចំពោះទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរ
ប៉ារីស៖ លោកនាយករដ្ឋមន្ដ្រីកម្ពុជា និងប្រធានាធិបតីបារាំងបានបង្ហាញការអបអរសាទរ និងពេញចិត្ដ ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងមិត្ដភាព និងកិច្ចសហប្រតិបត្ដិការពហុវិស័យរវាងប្រទេសទាំងពីរ។ នេះបើតាមសេចក្ដីប្រកាសព័តមានរបស់ក្រសួងការបរទេសចេញកាលពីថ្ងៃទី១៥ ខែធ្នូ ម្សិលមិញ។
នាយករដ្ឋមន្ដ្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និង ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង បានបង្ហាញការសាទរនិងពេញចិត្ដ ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងមិត្ដភាព និងប្រវត្ដិសាស្ដ្រដ៏យូរលង់ និងកិច្ចសហប្រតិបត្ដិការពហុវិស័យរវាងប្រទេសទាំងពីរ ជាពិសេសគឺនៅក្នុងវិស័យសេដ្ឋកិច្ច ធុរកិច្ច អប់រំ ទឹកស្អាត ធារាសាស្ដ្រ ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ការប្រែប្រួលអាកាសធាតុ ថាមពលកកើតថ្មី (កើតចេញពីពន្លឺព្រះអាទិត្យ) កសិកម្ម កសិ-ឧស្សាហកម្ម វប្បធម៌ បេតិកភណ្ឌ ទេសចរណ៍។ល។
ជាមួយគ្នានេះដែល ថ្នាក់ដឹកនាំទាំងពីរបានអបអរសាទរខួបទី៣០ នៃការបញ្ចូលរមណីយដ្ឋានអង្គរនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ នៅខែធ្នូ ឆ្នាំ២០២២នេះ ព្រមទាំងអបអរសាទរការប្រារព្ធខួប៣០ឆ្នាំរបស់គណៈកម្មាធិការអន្ដរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្ដិសាស្ដ្រអង្គរ (ICC - Angkor) និងខួប៧០ឆ្នាំនៃឯករាជ្យភាពរបស់កម្ពុជានៅឆ្នាំ២០២៣ ខាងមុខ។
ក្រៅតែពីជំនួបប្រធានាធិបតីបារាំង សម្តេចតេជោបានជួបពិភាក្សាជាមួយ Nicolas Notebeart អគ្គនាយក ក្រុមហ៊ុន Vinci Airports របស់បារាំង អំពីវឌ្ឍនភាពនៃ ភាពជាដៃគូវិនិយោគរបស់ក្រុមហ៊ុន Vinci និងរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍនិងប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិទាំងបីនៅកម្ពុជា។ សម្ដេចតេជោ ក៏បានអបអរសាទរ ក្រុមហ៊ុន Vinci Airports ក្នុងពេលបច្ចុប្បន្ននេះ ទទួលបានកិច្ចសន្យាសម្បទានគ្រប់គ្រងព្រលានយន្តហោះ ជាង៥០ នៅក្នុងទ្វីបអាស៊ី អឺរ៉ុប និង អាមេរិក ដោយសារបានប្រើប្រាស់គម្រូកិច្ចសន្យាសម្បទាន នៅកម្ពុជាដែលកិច្ចសន្យាដំបូងគេបង្អស់ និងគម្រោងពង្រីកទ្រង់ទ្រាយធំព្រលានយន្ដហោះ - អន្តរជាតិ ខេត្តព្រះសីហនុ ដែលនឹងចាប់ផ្ដើមនៅដើមឆ្នាំ២០២៣ខាងមុខ។
សូមរំលឹកដែលថា នាយករដ្ឋមន្ដ្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានធ្វើទស្សនកិច្ចការងារទៅកាន់ប្រទេសបារាំង កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ មុនពេលលោកចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបលើកទី៤៥នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក៕