បន្ទាយមានជ័យ៖ កាលពីល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២២ កម្លាំងសមត្ថកិច្ចឈរជើងតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានទប់ស្កាត់ប្រជាពលរដ្ឋ ចំនួន ២២នាក់ (ស្រី ៩នាក់ កុមារ ៥នាក់) បម្រុងលួចឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ នៅចំណុចផ្ទះដែលម្ចាស់ទុកចោល (ម្ចាស់ធ្វើចំណាកស្រុក) មួយកន្លែងក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ លោក សួង សៅ បានឱ្យដឹងថា៖ «ដោយអនុវត្តន៍យ៉ាងម៉ឹងម៉ាត់តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សមត្ថកិច្ចបានទប់ស្កាត់ប្រជាពលរដ្ឋ ចំនួន ២២នាក់ មកពីខេត្តបន្ទាយមានជ័យ ១៣នាក់ ឧត្តរមានជ័យ ១នាក់ បាត់ដំបង ៤នាក់ និងខេត្តកំពង់ធំ ៤នាក់»។
លោកបានបញ្ជាក់ថា ក្រោយពីបានសួរនាំប្រជាពលរដ្ឋទាំង២២នាក់ ពួកគាត់បានជិះរថយន្តឈ្នួលមកចុះនៅចំណុចផ្លូវចូលប៉ុស្តិ៍ចំបក់ រួចធ្វើដំណើរទៅឈប់សម្រាកក្នុងផ្ទះមួយកន្លែង (ដែលម្ចាស់ទុកចោល) ចម្ងាយ ប្រហែល ១០០ម៉ែត្រ ពីផ្លូវជាតិបំណងឆ្លងទៅប្រទេសថៃ (ស៊ីឈ្នួលកាប់អំពៅ)។
បន្ទាប់ពីធ្វើការសួរនាំ និងធ្វើកិច្ចសន្យារួច សមត្ថកិច្ចបានប្រគល់ពលរដ្ឋទាំង២២នាក់ទៅផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕