ភ្នំពេញ៖ អភិបាលរងខណ្ឌចំការមន លោក អាំង សិរីពិសិដ្ឋ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន EAC News តាមទូរសព្ទថា អាជ្ញាធរកំពុងតែស្រាវជ្រាវករណីលួចដាក់ និងទម្លាប់គ្រាប់បែកបង្កៃចោលចំនួន ១គ្រាប់បង្កប់ក្នុងប្រអប់មួយនៅមុខសួនច្បារណាហ្គាវើលដ៍នាព្រឹកព្រលឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។
អភិបាលរងខណ្ឌចំការមនបានអះអាងថា កាលពីព្រឹកព្រលឹមម៉ោង៦ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ អ្នកបោសសំអាតសំរាមនៅមុខសួនបានប្រទះឃើញមានអ្នកមកទម្លាក់ចោលគ្រាប់បែកបង្កៃ រួចក៏បានរាយការណ៍មកសមត្ថកិច្ច។
បើតាមលោកអភិបាលរងខណ្ឌចំការមន គ្រាប់បែកបង្កៃមួយគ្រាប់នោះជាករណីលួចដាក់ក្នុងគោលបំណងអាក្រក់ណាមួយ។ លោកអភិបាលរងខណ្ឌបានប្រាប់ឱ្យដឹងថា បច្ចុប្បន្នសមត្ថកិច្ចកំពុងតែស្រាវជ្រាវលើករណីនេះ។
អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក) លោក ហេង រតនា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន EAC news ថា គ្រាប់បែកបង្កៃមួយគ្រាប់នោះត្រូវបានអាជ្ញាធរជំនាញរំដោះចេញដោយបំផ្ទុះតាមបែបបច្ចេកទេសនៅហ្នឹងកន្លែងដែលរកឃើញតែម្តងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ លោកបញ្ជាក់ថា ក្នុងករណីនេះ ពុំមានអ្នកណាម្នាក់រងរបួសឡើយ៕