កាតា៖ កីឡាករសំខាន់ៗមួយចំនួនរបស់ក្រុមជម្រើសជាតិម៉ារ៉ុក បានក្លាយជាគោលដៅនៃការនាំយករបស់ក្លិបធំៗ ក្រោយការបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ២០២២ តួយ៉ាងដូចជាខ្សែបម្រើ Azzedine Ounahi ដែលទាក់ទាញចំណាប់អារម្មណ៍ពីក្លិបធំៗច្រើនជាងគេ។
សារព័ត៌៌មានកីឡាអេស្ប៉ាញ បានចុះផ្សាយពីការចាប់អារម្មណ៍ពីសំណាក់ក្លិបយក្ស FC Barcelona លើកីឡាករវ័យ ២២ឆ្នាំរូបនេះ ខណៈសាមីក្លិបបច្ចុប្បន្នគឺ Angers នៅលីគកំពូលបារាំងបានលើកឡើងថា ក្លិបត្រៀមចិត្តក្នុងការផ្ទេរកីឡាកររូបនេះចេញរួចរាល់ហើយ ក្រោយការបង្ហាញខ្លួនយ៉ាងល្អរបស់គេនៅ World Cup។
រូបរាងស្គមស្គាំង និងកាយសម្បទាតូចហាក់មិនសូវរឹងមាំ ប៉ុន្តែ Ounahi បានក្លាយជាខ្សែបម្រើសំណព្វចិត្តរបស់ប្រជាជនម៉ារ៉ុកទៅហើយ ក្រោយរួមចំណែកជួយឱ្យម៉ារ៉ុកឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុង World Cup ២០២២នេះ។ គួរបញ្ជាក់ថា លោក Luis Enrique គ្រូបង្គោលរបស់អេស្ប៉ាញបាននិយាយក្រោយធ្លាក់ក្រោមថ្វីជើងម៉ារ៉ុកថា កីឡាករដែលទាក់ទាញក្រសែភ្នែកលោកបំផុតគឺកីឡាករលេខ ៨ (Ounahi)។
គួរបញ្ជាក់ថា កាលពីជាង ២ឆ្នាំមុន Ounahi ជាកីឡាករលេងនៅលីគទី៣ របស់បារាំងជាមួយក្លិប Avranches ក្រោយគេចាកចេញពីក្លិប Strasbourg ជាក្លិបដែលគេចូលរួមតាំងពីមានវ័យ១៥ឆ្នាំពេលដែលមកដល់ប្រទេសបារាំង។ ក្រោយមកគេបានផ្ទេរទៅកាន់ក្លិប Angers នៅលីគកំពូលបារាំង និងត្រូវបានកោះហៅចូលក្នុងក្រុមជម្រើសជាតិម៉ារ៉ុកតែម្តងនៅក្នុងព្រឹត្តិការណ៍ Africa Cup of Nations និងបង្ហាញខ្លួនជាជម្រើស១១នាក់តែម្តង។ ការបង្ហាញខ្លួនជាមួយម៉ារ៉ុកទល់នឹងបារាំងយប់នេះ គឺជាការបង្ហាញខ្លួនលើកទី១៦ របស់ Ounahi ខណៈប្រកួតទល់នឹងព័រទុយហ្គាល់កីឡាកររូបនេះមានស្ថិតិរត់ជាង ១៥គីឡូម៉ែត្រ។
របាយការណ៍បានវាយតម្លៃថា Azzedine Ounahi បច្ចុប្បន្នមានតម្លៃខ្លួនប្រមាណជា ៤លានអឺរ៉ូ ប៉ុន្តែតម្លៃនេះនឹងកើនឡើងខ្លាំងក្នុងការផ្ទេរទៅកាន់ Barcelona ខណៈក្លិបអេស្ប៉ាញនេះកំពុងត្រៀមរៀបចំឯកសារផ្ទេរយករូបគេនាខែមករានេះ៕