
រដ្ឋមន្ត្រីសេដ្ឋកិច្ចស្នើ UN សហការជាមួយដៃគូអភិវឌ្ឍន៍ដទៃគាំទ្រកម្ពុជាសម្រេចគោលដៅគ្មានមីនឆ្នាំ២០២៥
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន ស្នើអង្គការសហប្រជាជាតិ (UN) សហការជាមួយដៃគូអភិវឌ្ឍន៍ដទៃទៀតដើម្បីសម្រេចគោលដៅកម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥។
ក្នុងជំនួបជាមួយ អ្នកសម្របសម្រួលនៃទីភ្នាក់ងារ UN ប្រចាំប្រទេសកម្ពុជា លោក Joseph Scheuer នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ លោក អូន ព័ន្ធមុនីរ័ត្ន បានសង្ឃឹមយ៉ាងមុតមាំថា បេសកកម្មការងាររបស់ ទីភ្នាក់ងារ UN រូបនេះ នឹងរួមចំណែកដល់ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយប្រព័ន្ធអង្គការសហប្រជាជាតិ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ក្នុងសេចក្តីប្រកាសព័ត៌មានឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា៖ «ស្នើឱ្យអង្គការសហប្រជាជាតិសហការជាមួយដៃគូអភិវឌ្ឍន៍ដទៃទៀត ដើម្បីផ្ដល់ការគាំទ្រដល់កម្ពុជាក្នុងបេសកកម្មបោសសម្អាតមីន ដើម្បីឈានដល់ការសម្រេចឱ្យបាននូវគោលបំណងនៃផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ និងការសម្រេចបានគោលដៅ កម្ពុជាគ្មានមីន នៅត្រឹមឆ្នាំ ២០២៥»។
ជាមួយគ្នានេះ លោក Joseph Scheuer ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ ក្នុងការគាំទ្រកម្ពុជាឱ្យសម្រេចបានរបៀបវារៈ ស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ តាមរយៈក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអង្គការសហប្រជាជាតិ (UN) Cooperation Framework) ថ្មី ឆ្នាំ២០២៤-២០២៨៕