ប្រធានកាកបាទក្រហមកម្ពុជាថ្លែងអំណរព្រះរាជគុណព្រះមហាក្សត្រ និងព្រះមហាក្សត្រី ដែលប្រោសព្រះប្រទានពរជ័យក្នុងឱកាសខួបកំណើត
ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ចំពោះព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលទ្រង់ទាំងទ្វេបានប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យក្នុងឱកាសខួបកំណើតឈានចូល៦៩ឆ្នាំ និងប្រោសព្រះរាជទ្រព្យផ្កាស្រស់១កន្ត្រកធំ និងថវិកា ២ម៉ឺនដុល្លារដល់កាកបាទក្រហមកម្ពុជា។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានថ្លែងអំណរព្រះគុណចំពោះព្រះមហាក្សត្រដែលទ្រង់បានប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យ និងផ្កាស្រស់ល្អ១កន្ត្រកធំក្នុងឱកាសទិវាខួបកំណើតឈានចូល ៦៩ឆ្នាំ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរៀបរាប់ដូច្នេះថា៖ «ខ្ញុំម្ចាស់សូមថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុត ចំពោះព្រះរាជទានដ៏ឧត្ដុង្គឧត្តមខាងលើនេះ និងសូមចងចាំជានិច្ចនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លារបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែបានប្រោសព្រះរាជទានការលើកទឹកចិត្តដល់ខ្ញុំម្ចាស់ ដើម្បីខិតខំបំពេញ ភារកិច្ចដឹកនាំសកម្មភាពកាកបាទក្រហមកម្ពុជា ទទួលបាននូវជោគជ័យជាបន្តបន្ទាប់ សម្រាប់ជាឧត្តមប្រយោជន៍ ជូនជាតិ មាតុភូមិ និងប្រជានុរាស្ត្រកម្ពុជា»។
សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុតចំពោះព្រះរាជទានដ៏ឧត្តុងឧត្តមព្រះមហាក្សត្រីទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានសារប្រទានពរជ័យ ដែលមានអត្ថន័យជ្រាលជ្រៅ និងព្រះរាជទ្រព្យចំនួន ២ម៉ឺនដុល្លារ ព្រមទាំងផ្កាស្រស់ល្អ១កន្ត្រកដល់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត។
ប្រធានកាកបាទក្រហមកម្ពុជាបានថ្លែងអំណរគុណចំពោះព្រះរាជទានដ៏ឧត្ដុង្គឧត្តមខាងលើនេះដូច្នេះថា៖ «ខ្ញុំម្ចាស់ នឹងប្រើប្រាស់ព្រះរាជទ្រព្យដ៏ឧត្ដុង្គឧត្តមនេះ សម្រាប់ជីកអណ្ដូងទឹកស្អាតជូនប្រជារាស្ត្រក្រីក្រ នៅក្នុងស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង នៃខេត្តឧត្ដរមានជ័យ។ ខ្ញុំម្ចាស់ ចងចាំជានិច្ចនូវព្រះរាជ គុណូបការៈដ៏ថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែប្រោសព្រះរាជទានដល់ខ្ញុំម្ចាស់ និងក្រុមគ្រួសារ ជាការលើកទឹកចិត្តដល់ខ្ញុំម្ចាស់ ដើម្បីខិតខំ បម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា»។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតារក្សា ព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យ សិរីមង្គល បវរមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិប្រកបដោយ ព្រះបរមសុខគ្រប់ប្រការ ដើម្បីជាមហាម្លប់ដ៏ត្រជាក់ជាទីជ្រកកោនដល់ប្រជារាស្ត្រកម្ពុជាគ្រប់ៗរូបតរៀងទៅ។
ជាមួយគ្នានេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតារក្សា ព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យ សិរីមង្គល បវរមហាប្រសើរថ្វាយសម្តេចព្រះមហាក្សតី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជារាស្ត្រគ្រប់ៗរូប នៅទូទាំងព្រះរាជាណាចក្រកម្ពុជា តរៀងទៅ៕