លោក ហ៊ុន ម៉ាណែត ថាគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកំពុងនាំកម្ពុជាទៅរកការរីកចម្រើនស្ទើរមិនគួរឱ្យជឿ
ភ្នំពេញ៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន កម្ពុជាកំពុងតែឈានដល់ការវិវត្តន៍មួយដែល «ស្ទើរមិនគួរឱ្យជឿ»។
ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការផ្សារ ម៉ាក្រូ សាខាទី៣ ជ្រោយចង្វារ រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត បានថ្លែងថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទូទាំងប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញ មានការវិវឌ្ឍរីកចម្រើនយ៉ាងលឿនស្ទើរមិនគួរឱ្យជឿ ដែលប្រជាជនកម្ពុជា ដៃគូអភិវឌ្ឍន៍ និងបណ្តាប្រទេសនានានៅលើសកលលោក អាចមើលឃើញជាក់ស្តែង និងបានកោតសរសើរគ្រប់ៗគ្នា។
លោកថា៖ «ការកសាង និងអភិវឌ្ឍគ្រួសារមួយ មិនមែនជាកិច្ចការសាមញ្ញ និងងាយស្រួលនោះទេ រីឯការកសាងសហគមន៍ និងប្រទេសមួយពីបាតដៃទទេ គឺរឹតតែពិបាក និងរមែងជួបប្រទះនូវបញ្ហាប្រឈម ភាពរកាំរកូស និងការរអាក់រអួលខ្វះខាតមិនខានឡើយ»។
លោក ហ៊ុន ម៉ាណែត បានរម្លឹកពីប្រវត្តិសាស្ត្រសង្គ្រាម និងភាពក្រីក្ររបស់កម្ពុជា ព្រមទាំងដំណើរយ៉ាងវែងឆ្ងាយក្នុងការប្រែក្លាយខ្លួនឱ្យដល់ដំណាក់កាលដូចពេលបច្ចុប្បន្ន។
លោក ហ៊ុន ម៉ាណែត បានបន្ថែមទៀតថានៅសល់ ១៥ថ្ងៃទៀត នឹងដល់គម្រប់ខួបទី២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកឱ្យប្រជាជនកម្ពុជាទាំងមូល បានទទួល និងរីករាយជាមួយនឹងសុខសន្តិភាព-ស្ថិរភាពពេញលេញ។ លោកថា រាជរដ្ឋាភិបាលកម្ពុជា តែងចាត់ទុកការរក្សាសុខសន្តិភាព ដែលយើងខិតខំស្វែងរកបានដោយលំបាកនេះ ជាអាទិភាពចម្បងបំផុត និងជាបុរេលក្ខខណ្ឌដែលមិនអាចខ្វះបាន សម្រាប់កិច្ចអភិវឌ្ឍប្រទេសជាតិ។
លោកបន្តថា៖ «តាមរយៈស្ថានភាពអំណោយផលនៃសុខសន្តិភាព ប្រជាពលរដ្ឋ ដែលជាវិនិយោគិន ធុរជន អាជីវករ និងពាណិជ្ជករទាំងក្នុងស្រុក និងក្រៅប្រទេស អាចផ្តោតការយកចិត្តទុកដាក់ចំពោះគម្រោង ឬសកម្មភាពវិនិយោគ ធុរកិច្ច អាជីវកម្ម និងពាណិជ្ជកម្មរបស់ខ្លួន ប្រកបដោយជំនឿទុកចិត្ត និងសុខុមាលភាពផ្លូវចិត្តនឹងនរដោយគ្មានការព្រួយបារម្ភ»។
កត្តាសុខសន្តិភាព និងការបង្កើតបរិយាកាសគ្របដណ្តប់ងាយស្រួលសម្រាប់វិនិយោគ និងអាជីវកម្ម បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងអំឡុងពេលប្រមាណ ២ ទសវត្សរ៍ កន្លងមកនេះ។ ជាក់ស្តែង សេដ្ឋកិច្ចកម្ពុជា បានរីកចម្រើនយ៉ាងលឿនគួរឱ្យកត់សម្គាល់ ហើយកម្ពុជាក៏បានវិវត្តខ្លួនពីប្រទេសក្រីក្រ ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងកំពុងបោះជំហានឆ្ពោះប្រែក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕