ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការផ្ញើសារលិខិតជូនពរខួបកំណើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឈានចូល ៦៩ឆ្នាំ

ភ្នំពេញ៖ ក្នុងឱកាសនៃខួបចម្រើនជន្មាយុ ៦៨ឆ្នាំ ឈានចូល ៦៩ឆ្នាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូបបានចាប់ផ្តើមផ្ញើសារលិខិតជូនពរជាបន្តបន្ទាប់។

ប្រធានព្រឹទ្ធសភា សម្តេចភក្តី សាយ ឈុំ បានផ្ញើលិខិតជូនពរក្នុងឱកាសចម្រើនជន្មាយុរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងគម្រប់ ៦៨ឈានចូល៦៩ឆ្នាំ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ ជាមួយគ្នានេះ លោក ទេព ងន អនុប្រធានទី២នៃព្រឹទ្ធសភា និងលោក ម៉ុង ឫទ្ធី គណៈកម្មការទី៣នៃព្រឹទ្ធសភាក៏ផ្ញើលិខិតជូនពរផងដែរ។

ក្នុងលិខិតជូនពរគូសបញ្ជាក់ថា សម្តេចភក្តី សាយ ឈុំ បានកោតសរសើរចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតក្នុងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី បំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមក្នុងបុព្វហេតុនៃការងារមនុស្សធម៌។

សម្តេចភក្តី សាយ ឈុំ បានមានប្រសាសន៍ថា៖ «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធានកាកបាទក្រហមកម្ពុជាដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សេចក្តីថ្លៃថ្លូរ កិត្តិយស តួនាទីរបស់ស្ត្រីនៅក្នុងសង្គមកាន់តែទូលំទូលាយ ជួយប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិប្រកបដោយប្រសិទ្ធភាពខ្ពស់រហូតទទួលបាននូវការគាំទ្រយ៉ាងក្លៀវក្លាពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ»

សម្តេចចក្រី ហេង សំរិន ក៏បានផ្ញើសារប្រសិទ្ធពរជ័យជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិតឱ្យមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ និងជន្មាយុយឺនយូរដើម្បីបន្តដឹកនាំកាកបាទក្រហមកម្ពុជាឱ្យទទួលបានជោគជ័យថ្មីៗជាបន្តបន្ទាប់បន្ថែមទៀត។ ក្រៅពីនោះថ្នាក់ដឹកនាំនៃរដ្ឋសភា មានដូចជា លោក ឈាង វុន ប្រធានគណៈកម្មការទី២នៃរដ្ឋសភា លោកស្រី ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា លោក ជាម យៀប អនុប្រធានទី១នៃរដ្ឋសភាក៏បានផ្ញើសារជូនពរដល់ប្រធានកាកបាទក្រហមកម្ពុជាផងដែរ។

ទន្ទឹមនឹងជូនពរ សម្តេចចក្រី ក៏បានកោតសសើរដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលជាស្រ្តីដ៏ឆ្នើមមួយរូបពោរពេញទៅដោយគុណធម៌ និងគំរូវីរភាពល្បីល្បាញ ក្នុងការបំពេញភារកិច្ចមនុស្សធម៌ និងការដឹកនាំកាកបាទក្រហមកម្ពុជាសម្រេចបានជោគជ័យយ៉ាងត្រចេះត្រចង់ជាបន្តបន្ទាប់បម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាជនគ្រប់កាលៈទេសៈ។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាតំណាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានសម្តែងនូវកត្តញ្ញុតាធម៌ចំពោះសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានលះបង់កម្លាំងកាយចិត្ត និងធនធានផ្ទាល់ខ្លួនក្នុងការបំពេញបេសកកម្មដ៏មមាញឹកក្នុងវិស័យមនុស្សធម៌ សង្គមកិច្ច វប្បធម៌ អប់រំ និងសាសនា ជាពិសេសបានស្ថាបនាមណ្ឌលថែរក្សាកុមារកំព្រា និងមជ្ឈមណ្ឌលអភិវឌ្ឍន៍នានាជាច្រើនដើម្បីលើកកម្ពស់សុខុមាលភាពស្ត្រី និងកុមារ ព្រមទាំងផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ក្នុងការគាំពារស្ត្រី និងទារកក្នុងពេលមានគភ៌រហូតដល់សម្រាលមាតុភាព។

រដ្ឋមន្ត្រីក្រសួងនានាក៏បានចេញសារលិខិតជូនពរផងដែរ ក្នុងនោះ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានជូនពរបវរមហាប្រសើរចំពោះសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងយកអស់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការបំពេញភារកិច្ចដឹកនាំស្ថាប័នកាកបាទក្រហមកម្ពុជានាំមកនូវជោគជ័យជាច្រើន ជាពិសេសបានខិតខំកៀរគរជំនួយមនុស្សធម៌ ដើម្បីជួយដល់ជនរងគ្រោះ ទុរគតជន ចាស់ជរាគ្មានទីពឹង ក្មេងកំព្រាអនាថា ជនមានពិការភាព និងអ្នកជំងឺអេដស៍ ដែលរួមចំណែកជាមួយរាជរដ្ឋាភិបាលធ្វើឱ្យពលរដ្ឋរងគ្រោះទាំងនោះមានជីវភាពកាន់តែប្រសើរឡើង។

ដោយឡែករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ក៏បានផ្ញើសារជូនពរ និងកោតសរសើរដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាឥស្សរជនស្ត្រីទីមួយដ៏ឆ្នើមរបស់កម្ពុជា និងជាភរិយារបស់សម្តេចតេជោ ដែលតែងចូលរួមដំណើរលើកទឹកចិត្ត និងគាំទ្រសម្តេចតេជោក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ក្នុងការដឹកនាំបញ្ចប់សង្រ្គាមបង្ហូរឈាមនៅកម្ពុជាដើម្បីធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក