អ៊ុយក្រែន៖ ប្រជាជនអ៊ុយក្រែនបានភៀសខ្លួនចាកចេញពីតំបន់ភាគខាងកើតនៃទីក្រុង Bakhmut នៅសប្តាហ៍នេះ ដោយបានលើកឡើងពីមូលហេតុថា ការភៀសខ្លួននេះដោយសារតែបាញ់ប្រហារគ្រាប់ផ្លោងជាប្រចាំពីរុស្សី ដែលធ្វើឱ្យប្រជាជនបង្ខំចិត្តដេកក្នុងលេណដ្ឋាន បូករួមនិងសីតុណ្ហភាពចុះត្រជាក់ខ្លាំងស្ទើរទ្រាំមិនបានផងដែរ។
Bakhmut ជាទីក្រុងដែលមានមនុស្សរស់នៅប្រមាណជា ៨ម៉ឺននាក់នៅមុនពេលដែលរុស្សីចាប់ផ្តើមប្រតិបត្តិការយោធាមកលើអ៊ុយក្រែន បានក្លាយជានិមិត្តរូបនៃសង្គ្រាមដ៏ប្រេះឆាដែលកំពុងកើតមាន ខណៈដែលសត្រូវកំពុងឈ្លានពានចូលមកបន្ថែមទៀតនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
អ្នកជំនាញផ្នែកយោធានិយាយថា Bakhmut មើលពីខាងក្រៅហាក់ដូចជាមានតម្លៃយុទ្ធសាស្ត្រតិចតួច ប៉ុន្តែកងកម្លាំងរុស្ស៊ី រួមទាំងទាហានស៊ីឈ្នួលដែលកំពុងប្រយុទ្ធក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានបង្កើនការទម្លាក់គ្រាប់បែកទៅលើតំបន់នេះ។
ស្រ្តីវ័យ ៧០ឆ្នាំដែលកំពុងភៀសខ្លូនចេញពីផ្ទះរបស់ខ្លួនបានរៀបរាប់ថា៖ "ផ្ទះរបស់ខ្ញុំរង្គោះរង្គើរស្ទើរតែគ្រប់នាទី ហើយសឹងតែរលំម្តងៗទៅហើយ។ កាលពីសប្តាហ៍មុន ខ្ញុំមិនបានគេងលក់ទាល់តែសោះ ដូច្នេះហើយទើបខ្ញុំសម្រេចចិត្តចាកចេញពីទីនេះ"។
គួររំឮកថា នៅមុនពេលមានសង្គ្រាមផ្ទុះឡើង Bakhmut គឺជាតំបន់ដែលល្បីល្បាញសម្រាប់ម៉ាកយីហោដ៏ពេញនិយមរបស់ខ្លួននៃស្រាសាំប៉ាញ ពីសម័យសហភាពសូវៀត និងអណ្តូងរ៉ែអំបិលធម្មជាតិ។ បើយោងតាមមន្រ្តីក្នុងតំបន់បានបញ្ជាក់ថា បច្ចុប្បន្នមានប្រជាជនដែលបន្តរស់នៅក្នុងតំបន់នេះមានប្រមាណ ១២,០០០នាក់ប៉ុណ្ណោះ ដែលកំពុងប្រឈមនឹងបញ្ហានានា រួមទាំងទីក្រុងដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ៕