កំពត៖ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ម្ចាស់ជំនួយដែលមានគណនីហ្វេសប៊ុកឈ្មោះ Chuop Thanntharith បានបង្ហោះសារដោយសម្តែងការខកចិត្តចំពោះថវិកាដែលខ្លួនផ្តល់ឱ្យរដ្ឋបាលស្រុកជុំគិរីធ្វើស្លាកសញ្ញាសម្គាល់សាលាស្រុកជុំគិរីចំនួន ៣០០ដុល្លារដើម្បីបង្រ្គប់ធ្វើស្លាកសញ្ញាដែលមានតម្លៃសរុបចំនួន ៥៦០ដុល្លារ។
ម្ចាស់គណនីឈ្មោះ Chuop Thanntharith បានសរសេរសារ ព្រមទាំងបង្ហោះរូបភាពស្លាកសញ្ញាសាលាស្រុកជុំគិរី ដោយថាមើលទៅជាស្លាកសញ្ញាធម្មតាដែលមិនសមនឹងតម្លៃដែលខ្លួនឧបត្ថម្ភឱ្យរដ្ឋបាលស្រុកឡើយ។
លោកសរសេរថា៖ «បងប្អូនអើយជួយពិចារណាមើល ផ្លាកនេះត្រូវធ្វើក្នុងតម្លៃ ៥៦០ដុល្លា ខ្ញុំចេញលុយអស់ ៣០០ដុល្លា ហើយខាងសាលាស្រុកជុំគីរីត្រូវចេញ ២៦០ដុល្លា។សាលាស្រុកជាអ្នកទទួលបន្ទុកធ្វើ។ ដល់លទ្ធផលបានផ្លាករបៀបនេះមក តើសមរម្យទេ ត្រឹមត្រូវទេ? ខ្ញុំឈឺចាប់ណាស់ នូវអំពើដ៏លាមក ថោកទាបរបៀបនេះ។ តាមមតិរបស់បងប្អូនថាមិនអស់ ១០០ដុល្លាផង»។
ជុំវិញរឿងរ៉ាវនេះ រដ្ឋបាលស្រុកជុំគិរីបានចេញមុខមកបំភ្លឺថា សាលាស្រុកពិតជាទទួលបានលុយឧបត្ថម្ភពីលោក ជួប ថាន់ ចំនួន ៣០០ដុល្លារសម្រាប់ធ្វើស្លាកសាលាស្រុកជុំគិរីពិតមែន ដោយថវិកាចំនួន ២៦០ដុល្លារទៀត ខាងសាលាស្រុកជាអ្នកចេញធ្វើ។
សាលាស្រុកជុំគិរីបញ្ជាក់ថា មូលហេតុដែលមិនបានសាងសង់ជាសំណង់រឹងបាននៅពេលនេះគឺដោយសារខ្លាចមានការឈូសឆាយពង្រីកផ្លូវប៉ះពាល់ដល់ស្លាកសញ្ញាសាលាស្រុក ទើបខាងសាលាស្រុកធ្វើស្លាកសញ្ញាសម្គាល់ដោយដាក់ឈ្មោះលោក ជួប ថាន់ ជាបណ្តោះអាសន្នសិន រង់ចាំក្រុមហ៊ុនស្ថាបនាផ្លូវឈូសឆាយពង្រីករួចរាល់ទើបធ្វើស្លាកសញ្ញានោះត្រឹមត្រូវតាមតម្លៃ និងគុណភាព។
ក្នុងលិខិតនោះបញ្ជាក់ថា៖ «លោក ជួប ថាន់ បានជួយឧបត្ថម្ភថវិកា ចំនួន ៣០០ដុល្លារ សម្រាប់សាងសង់ស្លាកបង្ហាញ ទីតាំងនេះ ក្រោយពីបានឧបត្ថម្ភថវិការួចប្រហែលមួយសប្ដាហ៍ លោក ជួប ថាន់ តែងតែខលសួរតាមទូរស័ព្ទថា មិនឃើញធ្វើស្លាកនោះ»។
បើតាមសាលាស្រុកជុំគិរី ក្នុងការពិភាក្សាគ្នារវាងសាលាស្រុក និងលោក ជួប ថាន់ ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chuop Thanntharith ស្លាកសញ្ញាបង្ហាញទីតាំងសាលាស្រុកនៅត្រង់ចំណុចក្បាលថ្នល់ជាប់នឹងផ្លូវជាតិ៤១ (ផ្លូវព្រះអង្គឌួង) ស្របពេលដែលរដ្ឋបាលស្រុកគ្រោងរៀបចំធ្វើជាសំណង់រឹង ដែលមានទទឹង ១.៨០ម៉ែត្រ បណ្ដោយ ២ម៉ែត្រ បិទអក្សរឆ្លាក់ពីថ្មម៉ាប ចាប់ស៊ុមជារចនាបទ និងមានបំពាក់ភ្លើងសូឡាបំភ្លឺ ព្រមទាំងសរសេរឈ្មោះម្ចាស់ជំនួយដែលផ្តល់ថវិកាច្រើននៅលើស្លាកនោះផងដែរ។
រដ្ឋបាលស្រុកជុំគិរី បានអំពាវនាវឱ្យសាធារណជនទាំងអស់មេត្តាឈប់យល់ច្រឡំ មកលើរដ្ឋបាលស្រុកតទៅទៀត ហើយរដ្ឋបាលស្រុកសូមបដិសេធ រាល់ការចោទប្រកាន់ ទាំងឡាយណាដែលផ្ទុយនឹងខ្លឹមសារដែលបានបំភ្លឺខាងលើ៕