កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីករណីឆ្លងកូវីដ-១៩ថ្មីខ្ពស់បំផុតមិនធ្លាប់មានកន្លងមក ដោយអាជ្ញាធរកូរ៉េខាងត្បូង គ្រោងធ្វើការរឹតបន្តឹងខ្លាំងបន្ថែមទៀតទៅលើវិធានការរក្សាគម្លាតសង្គម។
រយៈពេល ២៤ម៉ោង ករណីឆ្លងថ្មីគិតត្រឹមម៉ោង ១២៖០០នាទីយប់ថ្ងៃពុធឈានចូលព្រឹកថ្ងៃព្រហស្បតិ៍ចំនួន ១,២៧៥ ត្រូវបានរាយការណ៍ដោយទីភ្នាក់ងារត្រួតពិនិត្យជម្ងឺឆ្លងរបស់កូរ៉េខាងត្បូង ដែលចំនួននេះបានកើនឡើងលើសពីចំនួនដែលធ្លាប់មានគ្រាដែលកូរ៉េខាងត្បូងរងគ្រោះដោយសាររលកទី៣ កាលពីខែធ្នូ ឆ្នាំ២០២០កន្លងមកទៅទៀត។
រដ្ឋាភិបាលកូរ៉េខាងត្បូងបានព្រមានកាលពីថ្ងៃពុធកន្លងទៅថា រដ្ឋាភិបាលកំពុងពិចារណាលើការបង្កើនការរឹតត្បិតវិធានការរក្សាគម្លាតសង្គមឱ្យតឹងរ៉ឹង និងមានប្រសិទ្ធិភាពខ្ពស់ជាងនេះ ខណៈដែលអាជ្ញាធរបានព្រមានពីការវាយប្រហារដោយរលកទី៤ ក្នុងពេលឆាប់ៗខាងមុខនេះ ជាពិសេសទៅលើពលរដ្ឋមានវ័យក្មេងអាយុ ២០ឆ្នាំ ដល់៣០ឆ្នាំដែលមិនទាន់បានទទួលវ៉ាក់សាំងរួចរាល់។ ក្រសួងសុខាភិបាលកូរ៉េខាងត្បូងក៏កំពុងតែបង្ហាញការព្រួយបារម្ភពីហានិភ័យដែលអាចបង្កដោយវ៉ារ្យ៉ង់ឌែលតាផងដែរ។
គួរបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ននេះ ករណីវិជ្ជមានកូវីដ-១៩សរុបទូទាំងប្រទេសមានចំនួន ១៦៤,០២៨នាក់ និងមានអ្នកស្លាប់ចំនួន ២,០៣៤នាក់៕