បារីស៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានអរគុណទៅដល់ប្រធានាធិបតីបារាំង លោក អេម៉ាញូអែល ម៉ាក្រុង ចំពោះការស្រឡាញ់រាប់អាន។
សម្ដេចតេជោបានសរសេរនៅលើ facebook page របស់សម្ដេចនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នេះក្នុងពេលដែលសម្ដេចចាកចេញពីប្រទេសបារាំងដើម្បីឆ្ពោះទៅកាន់ទីក្រុងព្រុចស៊ែល ប្រទេសបែលហ្សិក ដោយសម្ដេចលើកឡើងថា ការជឿទុកចិត្តគ្នារវាងនាយករដ្ឋមន្ត្រីកម្ពុជានិងប្រធានាធិបតីបារាំងពិតជាបានពង្រឹងនូវមិត្តភាពរវាងប្រទេសទាំងពីរ។
សម្ដេចតេជោបានសរសេរថា៖ «ដៃគូរសន្ទនាដ៏ស្និទ្ធស្នាល ស្មោះត្រង់និងជឿទុកចិត្តគ្នាដើម្បីពង្រឹងពង្រីកមិត្តភាពរវាងកម្ពុជានិងបារាំង។ សូមអរគុណ អេនុយអែល ដែលបានផ្តល់នូវការស្រឡាញ់រាប់អាន»។
បន្ទាប់ពីសម្ដេចតេជោបានចូលរួមក្នុងសន្និសីទស្តីពីការគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅសាលសន្និសីទរបស់ក្រសួងការបរទេសបារាំង នៅទីក្រុងប៉ារីស នាថ្ងៃដដែលនោះសម្ដេចបានអញ្ជើញដឹកនាំគណៈប្រតិភូចាកចេញពីទីក្រុងប៉ារីស ឆ្ពោះទៅកាន់ទីក្រុងព្រុចស៊ែល នៅយប់ម៉ោង ១១:៥០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ម៉ោងនៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវនឹងម៉ោង ៥:៥០នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ម៉ោងនៅរាជធានីភ្នំពេញ ដើម្បីចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូល អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប។
នៅក្នុងពេលនៃការស្នាក់នៅទីក្រុងព្រុចសែលដើម្បីចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-សហភាពអ៉ឺរ៉ុប សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបជាមួយបណ្ដាមេដឹកនាំមួយចំនួនទៀតផងដែរ៕