ខេត្តព្រះសីហនុ៖ ក្រោយពីមានករណីជម្លោះរវាងបងប្អូនបង្កើតចំនួន ៣នាក់ដណ្តើមសពម្តាយបូជាដែលផ្អើលនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ មេធាវីរបស់សពម្តាយបានបង្ហាញមរតករបស់សពម្តាយដែលបានធ្វើមុនមរណភាពទៅ ដោយផ្តល់សិទ្ធិកាន់កាប់ប្លង់ដី និងផ្ទះ ដែលស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវប្រគល់ឱ្យកូនប្រុសពៅ ឈ្មោះ ស៊ុន ជីវលី ជាអ្នកទទួលមរតកនេះទាំងអស់។
ក្នុងលិខិតបណ្តាំមរតករបស់ម្តាយដែលធ្វើឡើងកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ បានបញ្ជាក់ឱ្យកូនប្រុសពៅឈ្មោះ ស៊ុន ជីវលី ជាអ្នកទទួលចាត់ចែងធ្វើបុណ្យសពជូនម្តាយ និងឪពុក បើកាលណាឪពុកម្តាយបានចែកឋានទៅ។
ក្នុងលិខិតដដែលនោះបានបញ្ចាក់ពីគោលជំហពិតប្រាកដរបស់ម្តាយ ថាការធ្វើបណ្តាំមរតកជូនកូនប្រុសពៅនេះគ្មានការបង្ខិតបង្គំ និងគំរាមកំហែង ឬការប្រើអំពើហិង្សាឡើយ។ មុនអនិច្ចកម្មម្ចាស់ប្រគល់សិទ្ធិបានអះអាងដូច្នេះថា៖ «លិខិតនេះបានបង្កើតនៅពេលដែលនាងខ្ញុំមានសតិ ស្មារតីគ្រប់គ្រាន់ ហើយបានអាន និងពិនិត្យយ៉ាងត្រឹមត្រូវ»។
ជម្លោះរវាងបងបង្កើតស្រីចំនួន ២នាក់ ដណ្តើមសពម្តាយទៅបញ្ចុះបូជាជាមួយប្អូនប្រុសពៅបានបង្កការភ្ញាក់ផ្អើលជាខ្លាំង ខណៈមហាជនបានសម្តែងការមិនពេញចិត្តចំពោះរឿងនេះ ហើយបានចោទសួរថាហេតុអ្វីបានជាអាជ្ញាធរមិនហ៊ានអនុវត្តច្បាប់ចំពោះអ្នកដែលមិនបានធ្វើតាមបណ្តាំមរតកសពម្តាយ?
ជុំវិញរឿងរ៉ាវនេះ លោកមេធាវី សូ សុខប៊ុនថេត បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន EAC News ថាមានតែតុលាការតែមួយគត់ដែលមានសមត្ថកិច្ចចាត់ការលើរឿងនេះ ពោលបើកាលណាបងប្អូនប្រុសស្រីមិនមានការព្រមព្រៀងគ្នាលើបណ្តាំមរតករបស់ម្តាយ គឺភាគីដែលមិនសុខចិត្តអាចធ្វើពាក្យបណ្តឹងទៅតុលាការដើម្បីឱ្យតុលាការសើរើថា បណ្តាំមរតកនោះពិតជាមានការដឹងឭពីសាក្សីពិតប្រាកដត្រឹមត្រូវឬអត់ ឬក៏មានការក្លែងបន្លំលិខិតមរតកណាមួយ៕