ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

កម្ពុជាបញ្ជូនកងទ័ពមួកខៀវចំនួន ៧៣នាក់ទៅប្រទេសស៊ូដង់ខាងត្បូងផ្លាស់វេនកងទ័ពមួកខៀវដែលទើបតែវិលត្រឡប់មកកម្ពុជាវិញ

ភ្នំពេញ៖ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ កងទ័ពមួកខៀវកម្ពុជាចំនួន ៧៣នាក់បន្ថែមទៀតត្រូវបានបញ្ជូនទៅបំពេញបេសកកម្មមនុស្សធម៌រក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសស៊ូដង់ខាងត្បូង ផ្លាស់វេនកងទ័ពមួកខៀវចំនួន ៧៣នាក់ដែលទើបតែវិលត្រឡប់មកកម្ពុជាវិញនៅយប់ថ្ងៃទី១២ ខែឆ្នូ ឆ្នាំ២០២២។

អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី និងកងទ័ពមួយខៀវកម្ពុជាជាច្រើនរូបទៀត បានអញ្ជើញមកជូនដំណើររបស់កងទ័ពមួកខៀវចំនួន ៧៣នាក់ទៅបំពេញភារកិច្ចដ៏សំខាន់នៅប្រទេសស៊ូដង់ខាងត្បូងបន្តវេនពីកងទ័ពមួកខៀវដែលបានបំពេញបេសកកម្មអស់រយៈពេល១ឆ្នាំរួចរាល់នៅប្រទេសស៊ូដង់ខាងត្បូង។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា ការបញ្ជូនកងទ័ពមួកខៀវទៅប្រទេសស៊ូដង់នាពេលនេះ គឺជាឆ្នាំទី១១ ដែលកម្ពុជាទទួលបានការទុកចិត្តពីអង្គការសហប្រជាជាតិ ក្នុងការចូលរួមចំណែកស្វែករកសន្តិភាពជូនប្រទេសដែលរងដោយជម្លោះដូចបណ្តាលកងមុនៗដែរ។

ប្រមុខកងទ័ពមួកខៀវកម្ពុជា បានក្រើនរំឮកដល់កងកម្លាំងដែលចេញទៅបំពេញបេសកកម្មមនុស្សធម៌នៅក្រៅប្រទេសដែលកំពុងរងគ្រោះដោយសារភ្លើងសង្គ្រាមត្រូវរក្សាសាមគ្គីគ្នាជាធ្លុងមួយ តាមប្រសាសន៍របស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន «សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់»។

ជាមួយគ្នានេះ លោកក៏បានណែនាំឱ្យកងកម្លាំងទាំងត្រូវគិតពីសុវត្ថិភាពជាចម្បង ពិសេសពេលអនុវត្តភារកិច្ច មិនត្រូវមើលស្រាលស្ថានការណ៍ណាមួយឡើយ ហើយត្រូវចេះដកបទពិសោធន៍ និងមេរៀនល្អៗ កែតម្រូវរាល់កំហុសឆ្គងដែលបានកើតមានឡើង ដើម្បីសម្រេចបានជោគជ័យជូនជាតិមាតុភូមិ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានលើកឡើងថា កងទ័ពមួកខៀវជាង ៧០នាក់ដែលបានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ គឺបាននាំមកនូវកិត្តិយសជូនជាតិមាតុភូមិតាមរយៈការប្តេជ្ញាចិត្តរក្សាកេរ្តិ៍ឈ្មោះស្អាតស្អំ ដោយមិនមានជាប់ពាក់ព័ន្ធនឹងអំពើហិង្សា និងការជួញដូរមនុស្ស។

លោកនិយាយថា៖ «ភាពជោគជ័យរបស់កងអនុសេនាធំរាជអាវុធហត្ថ លេខ៧៣៩ រយៈពេល ១ឆ្នាំ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង គឺពិតជាទទួលបានការហ្វឹកហ្វឺន ជំនាញបច្ចេកទេសត្រឹមត្រូវតាមនិយាមរបស់អង្គការសហប្រជាជាតិ មុនចេញបេសកកម្ម ហើយរក្សាបាននូវសុវត្ថិភាព តាមការផ្តាំផ្ញើរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ»

គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ចំនួន ៨៤៧៥នាក់ ទៅបំពេញបេសកកម្មមនុស្សធម៌ ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែន។

បច្ចុប្បន្នកម្ពុជាមានកម្លាំងកងទ័ពមួកខៀវជាង ៨០០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ស៊ូដង់ខាងត្បូង ម៉ាលី លីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក