អង់គ្លេស៖ គ្រូបង្វឹកក្លិប Manchester United លោក Erik Ten Hag បានលើកឡើងថា ខ្សែការពារ Harry Maguire មានទម្រង់លេងល្អខ្លាំងមែនទែនជាមួយក្រុមជម្រើសជាតិអង់គ្លេស ហើយអ្នកចាត់ការសញ្ជាតិហូឡង់រូបនេះបានលើកទឹកចិត្តឱ្យម្ចាស់អាវលេខ ៥ រូបនេះ រក្សាទម្រង់ដូចនៅជម្រើសជាតិដដែលជាមួយក្លិប ពេលដែលក្របខណ្ឌ Premier League ចាប់ផ្តើមនាពេលខាងមុខ។
Maguire បានបាត់បង់តំណែង ១១នាក់ដំបូងជាមួយក្លិបកាលពីខែសីហាកន្លងទៅ ប៉ុន្តែកីឡាករវ័យ២៩ឆ្នាំរូបនេះ បង្ហាញខ្លួនជា ១១នាក់ដំបូងរបស់អង់គ្លេសគ្រប់ប្រកួតក្នុងព្រឹត្តិការណ៍ FIFA World Cup ២០២២ នៅកាតា ដែលអង់គ្លេសបានឈានដល់វគ្គ ៨ក្រុមចុងក្រោយ និងធ្លាក់ក្រោមថ្វីជើងក្រុមការពារតំណែងជើងឯក បារាំង ក្នុងលទ្ធផល ១-២។
ក្នុងជំរុំហ្វឹកហាត់របស់ក្រុម Man utd នៅទឹកដីអេស្ប៉ាញ លោក Ten Hag និយាយថា៖ "វាច្បាស់ណាស់ថាគេ (Maguire) សក្តិសមសម្រាប់ការប្រកួតប្រជែងកម្រិតខ្ពស់។ គេមានបញ្ហាខ្លះដែលនៅក្លិបគេបង្ហាញទម្រង់លេងមិនសូវល្អ ប៉ុន្តែពិតណាស់គឺវាខុសគ្នា ដោយលេងជាមួយជម្រើសជាតិគេបង្ហាញខ្លួនល្អស្ទើរតែគ្រប់វិនាទីនៃការប្រកួត"។ អតីតគ្រូបង្វឹករបស់ Ajax បន្តថា៖ "យើងចង់ឱ្យគេនាំយកទម្រង់បែបនេះមកកាន់ Manchester ហើយបង្ហាញវាទៅកាន់អ្នកគាំទ្រក្នុងទីលាន។ ខ្ញុំគិតថាគេមានពេលវេលាដ៏ល្អមួយនៅ World Cup ហើយពេលដែលគេលេងដោយទំនុកចិត្តបែបនេះ គេជាកីឡាករម្នាក់ដ៏សំខាន់សម្រាប់ក្រុម ហើយជាកីឡាករដែលគ្រប់គ្នាចង់បាន"។
គួរបញ្ជាក់ថា ក្លិបបិសាចក្រហម Manchester United នឹងចាប់ផ្តើមការប្រកួតរបស់ខ្លួនឡើងវិញនៅថ្ងៃទី២១ ខែធ្នូខាងមុខនេះ ដោយប៉ះក្រុម Burnley នៃពានរង្វាន់ EFL Cup មុននឹងបន្តប៉ះ Nottingham Forest នៅ Premier League នៅថ្ងៃទី២៧ ខែធ្នូ៕