ចិន៖ រដ្ឋាភិបាលម៉ាកាវ នឹងអនុញ្ញាតឱ្យប្រជាជនដែលឆ្លងវីរុសកូវីដ-១៩ អាចដាក់ខ្លួនឱ្យនៅដាច់ដោយឡែក និងព្យាបាលនៅផ្ទះដោយខ្លួនឯងបាន ដែលគេសម្លឹងឃើញថាជាជំហានមួយដ៏សំខាន់់ក្នុងការបន្ធូរបន្ថយវិធានការកូវីដ-១៩ ក្នុងតំបន់កាស៊ីណូដ៏ធំរបស់ពិភពលោក ដែលនេះគឺជាវិធានការបន្ធូរបន្ថយលើកដំបូងបង្អស់ដែលគេមើលឃើញ ចាប់់តាំងពីការផ្ទុះឡើងនូវវីរុសកូវីដ-១៩ ប្រមាណជា ៣ឆ្នាំចុងក្រោយនេះ។
មន្រ្តីសុខាភិបាលបញ្ជាក់ថា អ្នកដែលឆ្លងកូវីដ-១៩ នឹងអនុញ្ញាតឱ្យស្នាក់នៅផ្ទះ និងតាមដានខ្លួនរយៈពេល ៥ថ្ងៃដោយខ្លួនឯង។ ការិយាល័យសុខាភិបាលក៏បានបញ្ជាក់់បន្ថែមផងដែរថា វិធានការនេះនឹងអាចជួយកាត់បន្ថយការចំណាយលើធនធានវេជ្ជសាស្រ្ត និងជួយសម្រួលដល់ការរស់នៅបែបជីវភាពគន្លងថ្មីរបស់ប្រជាជនម៉ាកាវ។
គួរបញ្ជាក់ថា កន្លងមក ម៉ាកាវដែលជាតំបន់ដែនដីរដ្ឋបាលពិសេសរបស់ចិន បានអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមវិធានការសុខាភិបាលរបស់ចិន ដែលកន្លងមកវិធានការនេះបានកាត់បន្ថយសេដ្ឋកិច្ចរបស់ម៉ាកាវផងដែរ ដែលតំបន់់រដ្ឋបាលនេះពឹងផ្អែកយ៉ាងសំខាន់នូវចំណូលពីការលេងល្បែងភ្នាល់ក្នុងកាស៊ីណូ ខណៈភាគច្រើនលើសលុបនៃភ្ញៀវគឺជាជនជាតិចិន។ ថ្មីៗនេះ ចិនក៏បានបន្ធូរបន្ថយលើវិធានការកូវីដ-១៩ ទៅលើប្រជាជនរបស់ខ្លួនផងដែរ។
កាលពីសប្តាហ៍មុន ម៉ាកាវបានប្រកាសពីការបន្ធូរបន្ថយវិធានការចត្តាឡីស័កសម្រាប់អ្នកដំណើរមកពីបរទេស ពោលគឺតម្រូវឱ្យធ្វើចត្តាឡីស័កត្រឹម ៥ថ្ងៃនៅសណ្ឋាគារ និង ៣ថ្ងៃបន្ថែមនៅផ្ទះ និងបញ្ឈប់ការធ្វើតេស្តជាប្រចាំថ្ងៃចំពោះភ្ញៀវជាជនជាតិចិន ខណៈមិនមានការបិទខ្ទប់អគារទាំងមូលទៀតឡើយ ប្រសិនបើរកឃើញករណីវិជ្ជមានកូវីដ-១៩ លើអ្នកស្នាក់នៅណាម្នាក់។
ម៉ាកាវ ជាអតីតដែនដីអាណានិគមរបស់ព័រទុយហ្គាល់ មានប្រជាជនប្រមាណ ៦សែននាក់ និងមានករណីវិជ្ជមានកូវីដ-១៩ ត្រឹមតែជាង ៩០០ករណីប៉ុណ្ណោះ ខណៈអ្នកស្លាប់មានចំនួន ៦នាក់៕