ភ្នំពេញ៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នេះ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (Tiffy Army FC) បានប្រកាសជូនដំណឹងអំពីការចូលនិវត្តន៍ជាផ្លូវការពីអាជីពជាកីឡាករបាល់ទាត់ របស់អតីតកីឡាករជម្រើសជាតិ ឈិន ឈឿន។
បើតាមទំព័រហ្វេសប៊ុកផ្លូវការក្លិប Tiffy Army FC សមាគមកីឡាបាល់ទាត់ ខ.ភ.ម បានសរសេរថា៖ "សមាគកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ សូមអរគុណជាពិសេសទៅកាន់កីឡាករ ឈិន ឈឿន បន្ទាប់ពីសម្រេចចិត្តស្នើសុំចូលនិវត្តន៍ ពីអាជីពជាកីឡាករបាល់ទាត់ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ ដើម្បីប្រកបមុខរបរផ្ទាល់ខ្លួន។ ឈិន ឈឿន បានរួមរស់ និងជួយយើងអស់រយៈពេល ប្រមាណជាង១៣ ឆ្នាំមកហើយ ព្រមទាំងបង្កើតបានស្នាដៃជាច្រើន ជាពិសេសចូលរួមជាមួយយើងក្នុងការលើកពានរង្វាន់ Hun Sen Cup កាលពីរដូវកាលមុនៗ ជាច្រើនលើក ។ តាំងនាមថ្នាក់ដឹកនាំ មន្ត្រី គ្រូបង្វឹក កីឡាករទាំងអស់ ពិតជាចង់ចាំមិនភ្លេចនូវស្នាដៃ ក៍ដូចជាអនុស្សាវរីយ៍ ជាច្រើនកន្លងមក និងសូមជូនពរ ដល់ ឈិន ឈឿន ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវភាពជោគជ័យលើអាជីវកម្ម មុខរបរថ្មីនេះ"។
គួរបញ្ជាក់ថា ឈិន ឈឿន បានចូលរួមជាមួយក្លិបកងយោធពលខេមរភូមិន្ទ តាំងពីឆ្នាំ២០១០ រហូតមកដល់ឆ្នាំ២០២០ ក៏បានផ្លាស់ទៅកាន់ក្លិបព្រះខ័នរាជស្វាយរៀង ក្នុងនាមជាកីឡាករខ្ចីជើង និងវិលត្រឡប់មកកាន់ក្លិបវិញរហូតចូលនិវត្តន៍។ ឈិន ឈឿន ក្នុងនាមកីឡាករលេងស្លាបស្តាំ ធ្លាប់ជួយក្លិបក្រសួងការពារជាតិ ឬបច្ចុប្បន្នកងយោធពលខេមរភូមិន្ទ ឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ៣លើក នៅឆ្នាំ២០១០, ២០១៦ និងឆ្នាំ២០១៨ និងបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិកម្ពុជាក្នុងឈុត U-២២ , U-២៣ និងក្រុមជម្រើសជាតិឈុតធំផងដែរ៕