អ៉ីតាលី៖ ស្រ្តី ៣នាក់ ដែលក្នុងនោះមានម្នាក់ជាមិត្តភក្តិរបស់នាយករដ្ឋមន្រ្តីថ្មីរបស់អ៉ីតាលី លោកស្រី Giorgia Meloni បានបាត់បង់ជីវិតក្នុងហេតុការណ៍បាញ់ប្រហារមួយ ខណៈមនុស្សចំនួន ៤នាក់ផ្សេងទៀតបានរងរបួស។ តាមសេចក្តីរាយការណ៍ខ្មាន់កាំភ្លើងគឺជាបុរស។
លោក Roberto Gualtieri អភិបាលក្រុងរ៉ូមបានពិពណ៌នាហេតុការណ៍បាញ់ប្រហារនេះថាជា "អំពើហិង្សាដ៏ព្រៃផ្សៃ" ហើយលោកបន្តថា លោកនឹងចូលរួមកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃចន្ទនេះ។ បើតាមសេចក្តីរាយការណ៍ ជនសង្ស័យជាបុរសមានអាយុ ៥៧ឆ្នាំ ជាអ្នកដែលធ្លាប់មានជម្លោះជាមួយក្រុមប្រឹក្សាភិបាលប្រជាជនផងដែរ។
ដោយឡែក លោកស្រី Luciana Ciorba ដែលជាអនុប្រធានក្រុមប្រឹក្សាភិបាលនោះ និងជាអ្នកនៅក្នុងហេតុការណ៍ផ្ទាល់បានបញ្ជាក់ថា ជនសង្ស័យបានដើរសំដៅចូលហាងកាហ្វេ និងបានស្រែកខ្លាំងៗថានឹងសម្លាប់មនុស្សនៅទីនេះទាំងអស់ មុននឹងទាញកាំភ្លើងខ្លីធ្វើការបាញ់ប្រហារភ្លាមៗតែម្តង។ ប្រភពដដែលបានបន្តថា ជនសង្ស័យត្រូវបានអ្នកនៅក្បែរនោះប្រើកម្លាំងបញ្ឈប់សកម្មភាពភ្លាមៗ មុននឹងកម្លាំងសមត្ថកិច្ចមកដល់។
បច្ចុប្បន្នមានជនរងគ្រោះ ៤នាក់ ដែលត្រូវគេដឹងថាមានបុរស ២នាក់ និងស្រ្តី ២នាក់កំពុងសម្រាកព្យាបាល ក្នុងនោះជនរងគ្រោះម្នាក់កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរខ្លាំង។ លោកស្រី Giorgia Meloni នាយករដ្ឋមន្រ្តីអ៉ីតាលីដែលចូលកាន់តំណែងកាលពីខែតុលាកន្លងទៅបានប្រាប់ថា ក្នុងចំណោមអ្នកបាត់បង់ជីវិតទាំង ៣នាក់ មានម្នាក់ជាមិត្តភក្តិរបស់លោកស្រីឈ្មោះ Nicoletta Golisano ខណៈជនរងគ្រោះពីរនាក់ទៀតឈ្មោះ Elisabetta Silenzi និង Sabina Sperandio។ លោកស្រី Meloni ក៏បាននិយាយផងដែរថា កន្លែងបាញ់ប្រហារដែលជនសង្ស័យបានលួចកាំភ្លើងសម្រាប់ប្រើក្នុងការបាញ់ប្រហារនោះ ត្រូវបានបិទបណ្តោះអាសន្នហើយបច្ចុប្បន្នកំពុងស្ថិតក្រោមការស៊ើបអង្កេត៕