ខេត្តព្រះសីហនុ៖ វាអាចចាត់ទុកជារឿងថ្មីមួយ សម្រាប់ស្រុកខ្មែរ ដែលមនុស្សទូទៅស្ទើមួយប្រទេស ពុំដែលបានជួប ពេលបានជួបហើយស្ទើស្រក់ទឹកភ្នែក ព្រោះតែសម្រែកទូញយំពីយុវជនម្នាក់ ដែលបានមើលថែរម្តាយជិត១០ឆ្នាំ រហូតម្តាយលាចាកលោក ក៏ត្រូវបានបងស្រីបង្កើតនិងសាច់ញាត្តិមកដឹកយកទៅបញ្ចុះនៅកន្លែងផ្សេង ដែលខុសពីបណ្តាំម្តាយ កាលនៅរស់។
ជុំវិញរឿងដណ្តើមសពម្តាយទៅបញ្ចុះទីកន្លែងផ្សេងគ្នានេះ ភាគីបងស្រីបង្កើតទាំង២នាក់ (ស៊ុន វន្នី និង ស៊ុន វណ្ណា) ដែលកំពុងមានជំលោះជាមួយយុវជន ស៊ុន ជីវលី ដែលត្រូវជាប្អូនពៅ ពុំអាចស៊ុំការបំភ្លឺបានទេ ដោយជាប់រវល់រៀបចំបញ្ជូនសពម្តាយចេញយកទៅបញ្ចុះនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទាំងផ្ទុះរឿងបែកផ្សែងផ្អើលអ្នកស្រុក។
ដោយឡែកយុវជន ស៊ុន ជីវលី ដែលអះអាងថា ជាកូនពៅក្នុងគ្រួសារ ស្ថិតក្នុងស្ថានភាពស្លេកស្លាំង កោសក់ បានស្រែកទ្រហោយំសោកបោកខ្លួន ដូចសត្វអកព្រាត់ទ្រនុំ លាយឡំនឹងសម្រែកថា៖ «សូមអ្នកម្តាយអភ័យទោសអោយកូនផង ដែលកូនមិនអាចតាមបំរើអ្នកម្តាយ ជាពិសេសកូនពិតជាអសមត្ថភាព ដែលមិនអាចធ្វើតាមបណ្តាំអ្នកម្តាយនិងបំពេញបំណងអ្នកម្តាយបាន ព្រោះកូនមានតែម្នាក់ឯង ពុំមានប្រពន្ឋកូន ពុំមានទ្រព្យសម្បត្តិដូចបងស្រីទាំង២នាក់ មានតែអ្នកដ៏ទៃទេដែលបានមកលើកទឹកចិត្ត តែពួកគាត់ពុំអាចជួយអ្វីដល់កូនឡើយ»។
ផ្តល់កិច្ចសម្ភាស៍ជាមួយបណ្តាញសារព័ត៏មាន ប្អូនប្រុស ស៊ុន ជីវលី បានឱ្យដឹងថាខ្លួនគេជាអ្នកនៅមើលថែម្ដាយរហូតមុនពេលម្ដាយលាចាកលោក ក្នុងនោះម្ដាយលោកក៏បានឱ្យមេធាវីធ្វើលិខិតបណ្ដាំមរតក និងវណ្ដាំជាសំឡេងផងដែរ។
លោកថា៖ «ប៉ុន្តែអ្វីៗគឺពុំមានន័យអ្វីទាំងអស់ គឺបងស្រីទាំង២នាក់ បាននាំសាច់ញ្ញាត្តិមកចោមរោមសំឡុតគំរាមកំហែងវាយដំមកលើ រូបខ្ញុំអោយព្រមប្រគល់សពម្តាយអោយពួកគាត់តាមសម្រួល នៅពេលរៀបបញ្ជូនសពម្តាយចេញខ្ញុំមិនព្រមពួគគាត់ក៏បានវាយធ្វើបាបខ្ញុំ សូម្បីតែអាជ្ញាធរស្រុក និងប៉ូលីសសុខចិត្តឈមើលទាំងភាពអយុត្តិធម៏ បើទោះបីជាខ្ញុំបិទបណ្តាំម្តាយអ្នកនៅមុខរោងបុណ្យយ៉ាងណាក្តី។ គឺពួកគាត់ឆ្លើយថា អាជ្ញារយកសម្លេងភាគច្រើន ឯរឿងបណ្តាំជារឿងក្នុងគ្រួសារ។ ត្រង់ចំនុចបងថ្លៃ ប្រើហឹង្សាមកលើរូបខ្ញុំ ពួកគាត់មើលមិនឃើញទេ តើឯណាទៅយុត្តិធម៏សម្រាប់អ្នកទន់ខ្សោយ ដូចនេះ មានតែថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសម្តេចពុក សម្តេចម៉ែទេ ដែលអាចផ្តល់យុត្តិធម៏ដល់រូបខ្ញុំបាន សូមសម្តេចពុក សម្តេចម៉ែជួយកូនចៅផង»។
ជុំវិញបញ្ហាជម្លោះដណ្តើមសពម្តាយនេះ លោកយាយ លី ជៀន អាយុ ៧៦ឆ្នាំ ដែលមានលំនៅដ្ឋានជាប់គ្នានឹងផ្ទះកើតហេតុ បានរៀបរាប់ថា កូនប្រុសពៅនេះហើយគឺជាអ្នកនៅមើលថែម្ដាយរហូតដល់ថ្ងៃម្ដាយលាចាកលោក ខណៈបងស្រីទាំង២នាក់ បានយូរៗឃើញមុខម្ដងប៉ុណ្ណោះ។
លោកយាយថា៖ «ចំពោះបណ្តាំចុងក្រោយ គឺឈ្មោះ ហេង ម៉ាឡា ដែលបានស្លាប់នេះ បានធ្លាប់ប្រាប់គាត់ថា នៅពេលគាត់ស្លាប់គាត់អោយកូនពៅគាត់យកគាត់ទៅទុកនៅវត្ត នឹងអោយកូនពៅគាត់ជាអ្នកចាត់ចែង គាត់មិនចង់ទៅបញ្ចុះនៅវាលរេញទេ»។
អ្នកស្រី រតនា អាយុជាង ៣០ឆ្នាំ ដែលបានអះអាងថាជាបងធម៏របស់ ស៊ុន ជីវលី បានរៀបរាប់ថា វាជារឿងដែលគួរឱ្យអាសូរបំផុតដែលកូនដែលខំប្រឹងបម្រើម្ដាយជាច្រើនឆ្នាំបែរជាមិនអាចធ្វើតាមបណ្ដាំចុងក្រោយរបស់ម្ដាយបាន។
អ្នកស្រីថា៖ «ជីវលី ជាក្មេងប្រុសគួរអោយអាណិតបំផុត ឥឡូវម្តាយក៏បាត់បង់ បងប្អូន ក៏គ្មានសាច់ញ្ញាត្តិក៏មានអ្នករាប់រក ដោយសារតែគាត់ពុំមានទ្រព្យសម្បត្តិដូចបងស្រីទាំងពីរ។ […] មានតែព្រលឹងបងស្រី ម្តាយ ជីវលី ទេទើបដឹងថា អ្នកណាជាអ្នកមើលថែរគាត់រហូតដង្ហើមចុងក្រោយ។ ភាព អកតញូ ភាពលោភលន់ ពិតណាស់នឹងត្រូវវិនាសជាក់ជាពុំខាន ផ្ទុយទៅវិញភាពកតញូរបស់កូនៗគ្រប់រូបនឹងតបស្នងនូវសេចក្តីសុខ ទាំងផ្លូវកាយ និងផ្លូវចិត្ត»។
ដោយឡែកអភិបាលរងស្រុកស្ទឹងហាវលោក ស៊ុន ពិសី ដែលចុះដល់ទីតាំងកើតហេតុជាមួយលោក រស់ កី អធិការនគរបាលស្រុកព្រៃនប់ បានអោយដឹងថា ចំពោះរឿងរ៉ាវជំលោះដណ្តើមសពម្តាយនេះ លោកពុំបានអនុញ្ញាត្តិអោយសពចេញពីលំនៅដ្ឋានទេ គឺជាសិទ្ធិសម្រេចរបស់ក្រុមគ្រួសារសពលោកគ្មានសិទ្ធិសម្រេចនោះទេ៕