ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ធ្វើសិក្ខាសាលាបច្ចេកទេសស្តីការផ្សព្វផ្សាយ និងទំនាក់ទំនងសារធាណៈលើប្រធានបទ “ការបង្កើតសារ បញ្ជូនសារ និងឥទ្ធិពលនៃ (សារ) ព័តឥមានលើបណ្តាញសង្គម។
សិក្ខាសាលានេះ មានការចូលរួមជាពិសេសដោយ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី និងមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ព្រមទាំងអ្នកបច្ចេកទេសនៃចែករំលែកពីសុវត្ថិភាពនៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលម៉ានី ក្នុងអាគារ KAMPUS។
ក្នុងឱកាសនេះដែលក៏មានការចូលរួមពីលោក នេត ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន និង ប្រធានផ្នែកគោលនយោបាយសាធារណៈ ក្រុមហ៊ុន Meta លោក ហេង ភក្តី ព្រមទាំងប្រធានផ្នែកគោលនយោបាយសាធារណៈក្រុមហ៊ុន Tik Tok កញ្ញា Kyu Kyu Tien ក៏ដូចជាចាងហ្វាងសារព័ត៌មានថ្មីៗលោក លាង ដឺលុចផងដែរ ដើម្បីចែករំលែកបទពិសោធន៍ ទ្រឹស្តី និងជាវាគ្មិនកិត្តិយសពិភាក្សាលើប្រធានក្នុងសិក្ខាសាលានេះ។
ក្នុងសុន្ទរកថាបើកកម្មវិធី លោក ហ៊ុន ម៉ានី បានលើកឡើងថា សិក្ខាសាលានេះគឺជាការជួបជុំដ៏មានសារៈសំខាន់ដើម្បីពង្រឹង និងពង្រីកសមត្ថភាពរបស់សមាជិក សមាជិកា ស.ស.យ.ក. និងរួមចំណែកជាមួយរាជរដ្ឋាភិបាលដែលចូលរួមបណ្ដុះបណ្ដាលយុវជនក្នុងវិស័យផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ។
លោកថា៖ «អ្នកបង្កើតសារ និងបញ្ជូនសារមានតួនាទីយ៉ាងសំខាន់ ចំពោះការអប់រំផ្នត់គំនិតសង្គម និងការអភិវឌ្ឍប្រទេសជាតិទៅមុខ ដែរមិនត្រឹមតែវិភាគសង្គមនយោបាយដាច់ដោយឡែកនោះទេ តែក៏ត្រូវភាពប្រទាក់ក្រឡាជាមួយទិដ្ឋភាពសេដ្ឋកិច្ច ភូមិសាស្រ្ដនយោបាយ និងទិដ្ឋភាពជាច្រើនទៀត»។
ប្រធានផ្នែកគោលនយោបាយសាធារណៈ ក្រុមហ៊ុន Meta លោក ហេង ភក្តី និង ប្រធានផ្នែកគោលនយោបាយសាធារណៈក្រុមហ៊ុន Tik Tok កញ្ញា Kyu Kyu Tien ក៏បានចែករំលែកពីការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមទាំងពីរនេះលើការបញ្ជូនសារឱ្យត្រឹមត្រូវ និងមានសុវត្ថិភាពផងដែរ។
ក្នុងសុន្ទរកថាបិទកម្មវិធីរដ្ឋមន្រ្ដីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបង្ហាញនូវចំណាប់អារម្មណ៍កោតសរសើរក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈដែលបានរៀបចំសិក្ខាសាលានេះឡើង ដើម្បីបណ្ដុះបណ្ដាលយុវជនក្នុងការផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈឱ្យមានទំនួលខុសត្រូវសង្គម។
លោកក៏បានលើកឡើងជាឧទាហរណ៍ជាក់ស្តែងដើម្បីឱ្យអង្គសិក្ខាសាលាយល់កាន់តែច្បាស់ពីការផ្សព្វផ្សាយ។
លោកថា៖ “បើខ្ញុំនិយាយដាក់មេក្រូ និងអត់មេក្រូមួយណាលឺជាង? ច្បាស់ជានិយាយដាក់មេក្រូលឺជាងហើយ នេះជាឥទ្ធិពលនេះនៃការផ្សព្វផ្សាយ បើអ្នកនិយាយកាន់តែខ្លាំង គេលឺកាន់តែច្រើន”។
លោករដ្ឋមន្រ្ដីក្រសួងព័ត៌មានរូបនេះក៏បានជំរុញឱ្យក្រុមការងារផ្សព្វផ្សាយ អ្នកសារព័ត៌មាន និងនិសិ្សតក្នុងជំនាញផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈឱ្យចេះធ្វើការងារក្រុមក្នុងការបង្កើតសារ ចែករំលែកសារ និងជួយគ្នាក្នុងការបញ្ជូនសារ។
គួរឱ្យដឹងផងដែរថា សិក្ខាសាលាបច្ចេកទេសលើការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ក្រោមប្រធានបទ “ការបង្កើតសារ បញ្ជូនសារ និងឥទ្ធិពលនៃ (សារ) ព័ត៌មានលើសង្គមយុវជន” រៀបចំដោយក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា៕