ថៃ៖ ប្រទេសថៃ បានធ្ចើការអបអរសាទរចំពោះវត្តមានភ្ញៀវទេសចរណ៍បរទេសដែលចូលមកកាន់ប្រទេសថៃ ចំនួន១០លាននាក់នៅក្នុងឆ្នាំ២០២២ គិតត្រឹមថ្ងៃទី១០ ខែធ្នូម្សិលមិញ។ នេះបើតាមការឱ្យដឹងដោយអាជ្ញាធរទេសចរណ៍ថៃ ខណៈដែលវិស័យទេសចរណ៍ថៃ បានព្យាយាមងើបឡើងវិញក្រោយពីការបំផ្លាញដោយវិបត្តិកូវីដ-១៩។
គួរឱ្យដឹងថា មុនពេលវីរុសកូវីដ-១៩បានផ្ទុះឡើង ថៃធ្លាប់ទទួលបានភ្ញៀវទេសចរណ៍បរទេសរហូតដល់ ៤០លាននាក់ កាលពីឆ្នាំ២០១៩ មុនពេលដែលការចេញចូលប្រទេសត្រូវបានរឹតត្បិតដោយសារការបង្ការការរាលដាលនៃវីរុសកូវីដ-១៩។ យ៉ាងណាមិញ ជាមួយនឹងការបន្ធូរបន្ថយការរឹតបន្តឹងនៅទូទាំងពិភពលោក តួលេខនៃភ្ញៀវទេសចរណ៍ធ្វើដំណើរចូលប្រទេសថៃបានចាប់ផ្តើមស្ទុះងើបឡើងវិញយឺតៗ ហើយរដ្ឋាភិបាលរំពឹងថានឹងរកចំណូលបានជិត ១៦ពាន់លានដុល្លារនៅក្នុងវិស័យទេសចរណ៍នៅឆ្នាំនេះ។
អ្នករបាំប្រពៃណី និងអ្នកទូងស្គរ បានអបអរស្វាគមន៍ភ្ញៀវទេសចរណ៍នៅអាកាសយានដ្ឋានសុវណ្ណភូមិ នាទីក្រុងបាងកក ចំពោះអ្នកដំណើរនៃជើងហោះហើរ Saudi Arabian Airlines ដែលអាជ្ញាធរបានអះអាងថា នេះគឺជាចំនួនភ្ញៀវបរទេសទី ១០លាននាក់របស់ថៃក្នុងឆ្នាំ ២០២២។ ដោយឡែក វត្តមាននាយករដ្ឋមន្ក្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងនៅអាកាសយានដ្ឋានសុវណ្ណភូមិថា៖ "ជើងមេឃបានបើកចំហរ។ យើងនឹងសាងទំនុកចិត្តថា ប្រទេសថៃនឹងនៅតែជាគោលដៅទេសចរណ៍កំពូលមួយសំរាប់ប្រជាជនទូទាំងពិភពលោក"។
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ Arkhom Termpittayapaisith ថ្លែងថា ចំនួនអ្នកទេសចរណ៍នេះត្រូវគេជឿជាក់ថានឹងនៅតែបន្តកើនឡើងនៅឆ្នាំ ២០២៣។ រដ្ឋាភិបាលថៃ រំពឹងថាចំនួនអ្នកទេសចរណ៍បរទេសកកាន់ប្រទេសថៃ នឹងមានចំនួនប្រមាណ ២៣លាននាក់នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ខណៈកំណើនវិស័យទេសចរណ៍នឹងវិលត្រឡប់មកដូចដើមទាំងស្រុងនៅក្នុងឆ្នាំ២០២៤ខាងមុខនេះ។
យ៉ាងណាក្តី មន្រ្តីថៃបានបញ្ជាក់ថា កំណើនភ្ញៀវទេសចរណ៍អាចកើនឡើងខ្ពស់ឬអត់ ក៏ពឹងផ្អែកខ្លាំងលើការបន្ធូរបន្ថយលក្ខខណ្ឌធ្វើដំណរទៅក្រៅប្រទេសរបស់ប្រជាជនចិន ពីរដ្ឋាភិបាលចិនផងដែរ។ ចំនួនភ្ញៀវទេសចរណ៍បរទេសរបស់ថៃ ភាគច្រើនលើសលុបគឺជាជនជាតិចិន៕