អ៊ុយក្រែន៖ ហេដ្ឋារចនាសម្ព័ន្ធមិនចាំបាច់ក្នុងតំបន់កំពង់ផែភាគខាងត្បូងនៃទីក្រុង Odesa ប្រទេសអ៊ុយក្រែន ត្រូវបានកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលទាំងស្រុង ក្រោយពីរុស្សីបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកវាយប្រហារទៅលើទីតាំងផ្គត់ផ្គង់ថាមពល។ ក្រៅពីតំបន់កំពង់ផែដែលរងការកាត់ផ្តាច់ថាមពលនេះ តំបន់ក្បែរៗខាងការរងលផលប៉ះពាល់ដោយការវាយប្រហារនេះផងដែរ។ នេះបើតាមការឱ្យដឹងពីមន្រ្តីក្នុងតំបន់របស់អ៊ុយក្រែន នៅថ្ងៃសៅរ៍ ទី១១ ខែធ្នូម្សិលមិញ។
អភិបាលក្រុង Odesa លោក Gennadiy Trukhanov បានសរសេរបង្ហោះក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា ដោយយោងលើទំហំខូចខាតធ្ងន់ធ្ងរដោយសារការវាយប្រហារលើទីក្រុង Odesa ប្រភពអគ្គិសនីនឹងត្រូវកាត់ផ្តាច់ការផ្គត់ផ្គង់ទាំងស្រុង លើកលែងតែហេដ្ឋារចនាសម្ព័ន្ធចាំបាច់។ គួរឱ្យដឹងថា Odesa គឺជាទីក្រុងកំពង់ផែធំជាងគេបង្អស់របស់អ៊ុយក្រែន និងមានប្រជាជនរស់នៅប្រមាណជា ១លាននាក់ មុនការវាយប្រហាររបស់រុស្សីកាលពីថ្ងៃទី២៤ ខែកុម្ភៈ។
នៅក្នុងសេចក្តីប្រកាសមួយដោយរដ្ឋបាលទីក្រុង Odesa តាម Telegram បានឱ្យដឹងថា ការវាយប្រហាររបស់រុស្ស៊ីបានវាយប្រហារទៅលើបណ្តាញបញ្ជូន និងឧបករណ៍សំខាន់ៗនៅក្នុងតំបន់ Odesa កាលពីព្រឹកព្រលឹមថ្ងៃសៅរ៍។ អភិបាលតំបន់ Odesa លោក Maksym Marchenko បាននិយាយថា ប្រទេសរុស្ស៊ីបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកប្រភេទ "kamikaze" ដែលហោះហើរចូលទៅក្នុងគោលដៅរបស់ពួកគេ ជាជាងការបាញ់គ្រាប់ ហើយបន្ថែមថាគ្រាប់ចំនួន ២ ត្រូវបានបាញ់ទម្លាក់នៅសមុទ្រខ្មៅ។
គួរបញ្ជាក់ថា ចាប់តាំងពីខែតុលាមក រុស្សីបានបើកការវាយប្រហារទៅលើតំបន់ហេដ្ឋារចនាសម្ព័ន្អផ្គត់ផ្គង់ថាមពលរបស់អ៊ុយក្រែន ដោយប្រើប្រាស់នូវមីស៊ីល ព្រមទាំងយន្តហោះគ្មានមនុស្សបើកជាច្រើនលើកច្រើនសារ ខណៈរដ្ឋាភិបាលទីក្រុង គៀវ បានទទួលស្គាល់ថារាល់រោងចក្រថាមពលកំដៅ និងវារីអគ្គីសនីទាំងអស់នៅក្នុងប្រទេសត្រូវបានទទួលរងការខូចខាត៕