
សម្តេចតេជោ រំលឹកដល់អភិបាលខេត្តជាប់មាត់សមុទ្រត្រូវធានាឱ្យបាននូវសុវត្ថិភាពដល់ភ្ញៀវទេសចរទៅកម្សាន្តលេងនៅតាមកោះ
ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់អភិបាលខេត្តជាប់មាត់សមុទ្រត្រូវធានាសុវត្ថិភាពដល់ភ្ញៀវទេសចរដែលមកកម្សាន្តលេងនៅតាមកោះនីមួយៗនៅកម្ពុជាដើម្បីជៀសវាងឧបទ្ទវហេតុលិចទូក ឬលិចនាវាណាមួយកើតឡើងជាយថាហេតុ។
ថ្លែងក្នុងពិធីបើកបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅក្នុងខេត្តព្រះសីហនុនាល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យអាជ្ញាធរខេត្ត និងប្រជានេសាទទាំងអស់ត្រូវតាមដាននូវអាកាសធាតុឱ្យបានជាក់លាក់ ជាពិសេសត្រូវត្រៀមរៀបចំមធ្យោបាយគ្រប់គ្រាន់ដើម្បីជម្លៀស និងការពារឱ្យបានទាន់ពេលវេលា។
សម្តេចតេជោ បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់ឆ្នេរ ការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់បម្រើឱ្យវិស័យទេសចរណ៍ និងការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ ទាំងការតភ្ជាប់តាមផ្លូវគោក និងតាមផ្លូវដែក និងតាមផ្លូវអាកាសប្រកបដោយសុវត្ថិភាពខ្ពស់។
សូមរំលឹកថាកាលពីខែកញ្ញា ឆ្នាំ២០២២ មានហេតុការណ៍លិចទូកមួយបានបណ្តាលឱ្យជនជាតិចិនជាច្រើនបានបាត់បង់ជីវិត។
ពីព្រោះមិនចង់បន្តឱ្យកើតមាននូវគ្រោះថ្នាក់ណាមួយកើតឡើងដោយសារការលិចទូកដែលនាំឱ្យមនុស្សស្លាប់ សម្តេចតេជោបានដាស់តឿនឱ្យអាជ្ញាធរខេត្តបង្កើនការយកចិត្តទុកដាក់ឱ្យមែនទែនចំពោះសុវត្ថិភាពអ្នកដំណើរ និងអ្នកនេសាទនៅតាមផ្ទៃសមុទ្រ៕