ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឱ្យជាការគិតមួយលើតម្លៃនៃសិទ្ធិមនុស្សក្នុងថ្ងៃរម្លឹកខួប៧៥ឆ្នាំនៃទិវាសិទ្ធិមនុស្សអន្តរជាតិ (១០ ធ្នូ ២០២២) ដោយចោទសួរថា តើសិទ្ធិមនុស្សនៅទីណាក្នុងប្រទេសដែលមានសង្គ្រាម។
ថ្លែងក្នុងពិធីបើកបុណ្យសមុទ្រលើកទី៩ ឆ្នាំ២០២២ ល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ក្នុងខេត្តព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សន្ដិភាពមានតម្លៃមុនអ្វីៗទាំងអស់។ បើប្រទេសមិនអាចរកបានសន្ដិភាពទេកុំនិយាយពីការអភិវឌ្ឍន៍ ឬសិទ្ធិមនុស្ស។
សម្ដេចតេជោថា កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅកាន់ប្រទេសម៉ាលី និងស៊ូដង់ និងបានមើលឃើញថានៅទីនោះគ្មានទេវត្តមាននៃអ្នកទេសចរ។
សម្ដេចតេជោថា៖ «គ្មានអ្នកណាអាចនឹងទៅសាកល្បងជាមួយនឹងគ្រាប់មីនគ្រាប់ផ្លោង និងគ្រាប់បែកនៅតំបន់ដែលមានសង្គ្រាមនោះទេ។ […] ថ្ងៃនេះគឺខួបនៃទិវាសិទ្ធិមនុស្សអន្តរជាតិក៏ប៉ុន្ដែសិទ្ធិមនុស្សនឹងអាចធ្វើទៅបានលុះត្រាតែមានសន្ដិភាព។ ជាក់ស្ដែងនៅក្នុងប្រទេសដែលមានសង្គ្រាមតើសន្ដិភាពនៅទីណា?»
«សន្ដិភាព» គឺជាពាក្យដែលសម្ដេចតេជោឱ្យតម្លៃជាងគេក្នុងការដឹកនាំរដ្ឋរបស់សម្ដេច។ ជារឿយៗសម្ដេចតេជោបានរម្លឹកម្ដងហើយម្ដងទៀតពីតម្លៃនៃសន្ដិភាពនិងជំរុញដល់ពលរដ្ឋឱ្យចូលរួមថែរក្សាការពារសន្ដិភាពដែលកម្ពុជាកំពុងមាននេះឱ្យបានស្ថិតថេរ៕