តាកែវ៖ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជានៅកៀកជិតសិ្នទ្ធចាំជួយដោះស្រាយបញ្ហាប្រឈមនានា និងផ្តល់ភាពកក់ក្តៅជូនពលរដ្ឋគ្រប់មជ្ឈដ្ឋានដោយមិនគិតពីការនឿយហត់ឡើយ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះនៅក្នុងពិធីសម្ពោធ «សមិទ្ធផលនានាក្នុងវត្តបុរាណនិវេសន៍ ហៅវត្តប្រាសាទនាងខ្មៅ» ស្ថិតនៅក្នុងភូមិចារ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ខេត្តតាកែវ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២។
លោកបានមានប្រសាសន៍ថា សម្តេចតេជោ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជាបានជួយទំនុកបម្រុងដល់ប្រជាកសិករ និងពលរដ្ឋក្រីក្រតាមរយៈការដាក់ចេញនូវគោលនយោបាយជាច្រើនដូចជាការការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ការពង្រីកទីផ្សារ ការគិតគូរអំពីតម្លៃទិន្នផលកសិកម្ម ការមិនយកពន្ធលើដីស្រែចម្ការ ការអនុគ្រោះថ្លៃអគ្គិសនីក្នុងវិស័យកសិកម្ម ជាពិសេសការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់ពលរដ្ឋក្រីក្រ និងងាយរងហានិភ័យផ្សេងៗ។
លោកបានគូសបញ្ជាក់ថា សកម្មភាពទាំងនេះបានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងរក្សាភាពសុខដុមរមនាជូនសង្គមជាតិ និងប្រជាជន។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអំពាវនាវដល់ពលរដ្ឋបន្តមានជំនឿជឿជាក់លើសម្តេចតេជោ និងថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ទាំងអស់ តាមរយៈការបោះឆ្នាតផ្តល់ឱកាសជូនគណបក្សប្រជាជនកម្ពុជាគ្រប់ៗអាណត្តិតទៅមុខ ដើម្បីបន្តដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពរុងរឿងជានិច្ចនិរន្តន៍។
លោកបាននិយាយថា៖ «នេះគឺជាសក្ខីភាពដ៏ជាក់ច្បាស់ថា ប្រជាពលរដ្ឋម្ចាស់ស្រុក បានសម្រេចជ្រើសរើសអ្នកបម្រើជាតិពិតប្រាកដ ដើម្បីបន្តថែរក្សា សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ដែលកំពុងមាននេះឱ្យបានបន្តឋិតឋេរគង់វង្សយូរអង្វែងតរៀងទៅ»៕