កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

ពលរដ្ឋក្រីក្រ និងងាយរងហានិភ័យផ្សេងៗចំនួនជាង ១លានគ្រួសារទទួលបានទទួលប្រាក់ឧបត្ថម្ភពីកម្មវិធីជំនួយសង្គម

ភ្នំពេញ៖ រយៈពេលជាង ២ឆ្នាំកន្លងមកនេះនៃការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ដល់គ្រួសារក្រីក្រក្នុងអំឡុងរាតត្បាតជំងឺកូវីដ-១៩ រដ្ឋបានចំណាយថវិកាចំនួន ៨៦៨លានដុល្លារសម្រាប់ឧបត្ថម្ភដល់ពលរដ្ឋដែលក្រីក្រ និងងាយរងគ្រោះចំនួន៧០ម៉ឺនគ្រួសារ ឬស្មើនឹង ៣លាននាក់។ 

កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ រដ្ឋក៏បានប្រកាសឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារដែលងាយរងគ្រោះដោយសារសម្ពាធអតិផរណា និងរងប៉ះពាល់ដោយសារគ្រោះទឹកជំនន់សរុបជាង ៣៥ម៉ឺនគ្រួសារ ឬស្មើ១លាននាក់ ដែលចាប់ផ្តើមពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ តទៅ។ ក្នុងនោះមានពលរដ្ឋងាយរងហានិភ័យក្នុងស្ថានភាពអតិផរណាជាង ២៥ម៉ឺនគ្រួសារ និងរងគ្រោះដោយសារទឹកជំនន់ជិត ១០ម៉ឺនគ្រួសារក្នុងចំនួន ១៦ខេត្តដែលរងផលប៉ះពាល់ខ្លាំងជាងគេ។ 

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក សំហេង បុរស បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានស្តីពីយន្តការ និងនីតិវិធីនៃការអនុវត្ត «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសាររងហានិភ័យក្នុងពេលមានសម្ពាធអតិផរណា និងគ្រួសាររងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់» នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ថា ការអនុវត្តកម្មវិធីគាំពារសង្គមកន្លងមក និងការអនុវត្តកម្មវិធីដែលរាជរដ្ឋាភិបាលទើបតែដាក់ឱ្យដំណើរការនេះ មានពលរដ្ឋជាង ១លានគ្រួសារ ឬស្មើនឹង ៤លាននាក់ ដែលបានទទួល និងកំពុងទទួលបានប្រាក់ឧបត្ថម្ភនេះ។ 

បើតាមរដ្ឋលេខាធិការក្រសួងសង្គមកិច្ច គិតត្រឹមខែធ្នូនេះ រដ្ឋបានបើកប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ-១៩ បានចំនួន ៣០ខែ ដោយក្នុងមួយគ្រួសារទទួលបានប្រាក់ប្រមាណ ៤០ដុល្លារក្នុងមួយខែ ដោយជាង ២ឆ្នាំនេះក្នុងមួយគ្រួសារទទួលបានថវិកាជាង ១ពាន់ដុល្លារហើយ។ 

មន្ត្រីជាន់ខ្ពស់នៃក្រសួងសង្គមកិច្ចបានលើកឡើងថា កម្មវិធីជំនួយសង្គមជាសាច់ប្រាក់នេះបានរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ពោលបានជួយឱ្យពលរដ្ឋក្រីក្រអាចមានលទ្ធភាពចាកចេញពីភាពក្រីក្រ។ រដ្ឋលេខាធិការក្រសួងសង្គមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបច្ចុប្បន្នក៏កំពុងតែសាកល្បងគម្រោងកញ្ចប់គ្រួសារដើម្បីចាកចេញពីភាពក្រីក្រតាមរយៈការបណ្តុះបណ្តាលឱ្យពលរដ្ឋមានជំនាញច្បាស់លាស់មួយបានជាង ៤ពាន់គ្រួសារ។

លោកបាននិយាយថា៖ «ដើម្បីបង្រៀនឱ្យស្ទួចត្រីបាន គឺយើងចែករំលែកចំណេះដឹងពីទីផ្សារ និងបង្ហាត់បង្ហាញពីជំនាញដែលគាត់អាចទទួលយក យើងសិក្សាអំពីសក្តានុពលថាគ្រួសារក្រីក្រតើគាត់អាចធ្វើអីបាន យើងបណ្តុះបណ្តាលជំនាញ ហើយយើងផ្តល់ទុនឱ្យគាត់»។ 

អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម លោក ចន ណារិទ្ធ បានលើកឡើងថា អតិផរណានៅកម្ពុជាឆ្នាំ២០២២នេះមានកម្រិតខ្ពស់បំផុតគឺ ៧,៨ភាគរយ ក្នុងរយៈពេល ១៣ឆ្នាំចុងក្រោយនេះ។ លោកបន្តថា បច្ចុប្បន្ននេះ កម្រិតអតិផរណានៅកម្ពុជាមានការថមថយបន្តិចតាមរយៈកម្មវិធីជំនួយសង្គមទាំងនេះ ប៉ុន្តែពលរដ្ឋកម្ពុជានៅតែបន្តទទួលរងឥទ្ធិពលនេះដដែល។ 

លោក ចន ណារិទ្ធ បានបន្ថែមថា កម្មវិធីនេះមិនអនុវត្តជាអចិន្ត្រៃយ៍នោះទេ ពោលអនុវត្តនៅពេលដែលពលរដ្ឋមានគ្រោះអាសន្នដោយសារការកើនឡើងនូវអតិផរណា និងរងគ្រោះដោយសារគ្រោះធម្មជាតិ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក