នាយករដ្ឋមន្ត្រីកម្ពុជា៖ គ្មានទេសចរណាប្រថុយប្រថានគ្រោះថ្នាក់ធ្វើដំណើរទៅកាន់ប្រទេសដែលមានសង្គ្រាមនោះទេ
ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា វត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាពគឺជាចំណុចសំខាន់នៅក្នុងការទាក់ទាញទេសចរណ៍ ក៏ដូចជាការអភិវឌ្ឍន៍នៅតាមបណ្ដាប្រទេសជាតិនៅលើសកលលោក។
ថ្លែងក្នុងពិធីបើកមហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើសកលលោក ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងខេត្តព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កត្តាសន្តិភាពគឺជាចំណុចធំជាងគេក្នុងការរក្សានូវការអភិវឌ្ឍន៍ក៏ដូចជាការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រឲ្យមាននិរន្តរភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវ។
សម្ដេចតេជោថា៖ «ត្រូវរក្សាវត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាព ដែលជាចំណុចធំជាងគេក្នុងចំណោមចំណុចដែលទាក់ទងជាមួយការអភិវឌ្ឍន៍នៃបណ្ដាប្រជាជាតិនៅលើសកលលោក។ គ្មានទេសចរណាប្រថុយប្រថានគ្រោះថ្នាក់ធ្វើដំណើរទៅកាន់ប្រទេសដែលមានសង្គ្រាមនោះទេ»។
គួរដឹងផងដែរថា ពិធីបើកមហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើសកលលោក គឺត្រូវប្រព្រឹត្តឡើងក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាពឆ្នេរនៃក្ដីសង្ឃឹម»។
សម្ដេចតេជោបានលើកឡើងថា ប្រធានបទនេះគឺសមស្របជាមួយនឹងបរិបទកម្ពុជាដែលសន្តិភាពបានដើរតួយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសបង្កើតជាក្ដីសង្ឃឹមយ៉ាងមុតមាំសម្រាប់ប្រជាជនទាំងមូល៕