មន្ត្រីអប់រំជាច្រើនរូបស្នើក្រសួងអប់រំដកតំណែងប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំក្រោយរកឃើញថាពាក់ព័ន្ធអំពើពុករលួយ
ត្បូងឃ្មុំ៖ មន្ត្រីក្រោមឱវាទមន្ទីរអប់រំខេត្តត្បូងឃ្មុំជាច្រើនរូបបានសរសេរលិខិតស្នើសុំឱ្យក្រសួងអប់រំ ដកតំណែងប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មូំ លោក អ៊ិន ពៅសម្បត្តិ ក្រោយពីដឹងថាលោកជាមេក្លោងនៅពីក្រោយការប្រព្រឹត្តអំពើពុករលួយដោយកិបកេងថវិកាជាតិ។
ក្នុងលិខិតផ្ញើទៅក្រសួងអប់រំ ដែលចុះហត្ថលេខានៅថ្ងៃទី២៤-២៥ និង៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមន្ត្រីមន្ទីរអប់រំខេត្តត្បូងឃ្មុំ និងមន្ត្រីការិយាល័យអប់រំជាច្រើនរូប បានបញ្ជាក់ឱ្យដឹងថា លោក អ៊ិន ពៅសម្បតិ្ត ប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំកាលពីថ្មីៗនេះ បានកិបកេងថវិកាជាតិលើ៣ករណី គឺការកាត់យកប្រាក់ខែគ្រូកិច្ចសន្យាខែមករា ឆ្នាំ២០២១ ចំនួន ៩៥នាក់ក្នុងស្រុកមេមត់ដែលស្មើនឹងចំនួនជិត ៩៧លានរៀលដាក់ក្នុងហៅប៉ៅផ្ទាល់ខ្លួន។
ក្នុងលិខិតនោះបានបន្តថា ក្រោយត្រូវបានមន្ត្រីខ្លួនចាប់បាន លោក អ៊ិន ពៅសម្បតិ្ត ក៏បានប្រមូលលុយយកមកឱ្យការិយាល័យគណនេយ្យធ្វើនីតិវិធីបង្វិលចូលរដ្ឋវិញ។ ប៉ុន្តែជាក់ស្តែងបច្ចុប្បន្ននេះថវិកាទាំងនោះពុំទាន់បានបង្វិលនៅការិយាល័យគណនេយ្យធ្វើនីតិវិធីបង្វិលចូលរដ្ឋនៅឡើយទេ។
ទន្ទឹមនេះប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំក៏ត្រូវបានរកឃើញថាលោកបានក្លែងបន្លំឯកសារគ្រូ ២ពេលចំនួន ១៨នាក់ កិបកេងថវិការដ្ឋចំនួន ២០១លានរៀល ដោយសាមីខ្លួនពុំដឹងទាល់តែសោះឡើយ។ ករណីនេះក៏ត្រូវបានបែកធ្លាយម្តងទៀត លោក អ៊ិន ពៅសម្បតិ្ត ក៏បាននិយាយដោះសារថា ថវិកាទាំងនោះសម្រាប់បង្កើនកូតាដើម្បីកុំឱ្យក្រសួងកាត់ឆ្នាំក្រោយ។ ជាមួយគ្នានេះលោកប្រធានមន្ទីរអប់រំក៏បានក្លែងបន្លំឯកសារប្រាក់តំបន់ និងគ្រូជាប់ការងារបោះឆ្នោត ជាច្រើនថែមទៀតដើម្បីបង្វែរថវិកាដាក់ក្នុងហៅប៉ៅរបស់ខ្លួន។
ក្រៅពីនេះរឿងកិបកេងថវិកាជាតិ មន្ត្រីក្រោមឱវាទមន្ទីរអប់រំខេត្តត្បូងឃ្មុំក៏បានកត់សម្គាល់ថា ការអនុវត្តការងារតូចធំរបស់ប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំ លោក អ៊ិន ពៅសម្បត្តិ គឺគ្មានតម្លាភាព និងគ្មានគណនេយ្យភាពក្នុងអង្គភាព។ ជាពិសេសគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនគិតពីការអភិវឌ្ឍ និងកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា ហើយខ្វះចំណាត់ការលើការដោះស្រាយបញ្ហានានាក្នុងមន្ទីរ ពិសេសសាលារៀន។
បើតាមមន្ត្រីក្រោមឱវាទមន្ទីរអប់រំ លោក អ៊ិន ពៅសម្បត្តិ ធ្វើការសម្រេចចិត្តចាត់ចែងបុគ្គលិកក្រោមឱវាទដោយគ្មានគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងលិខិតដដែលបានរៀបរាប់ថា៖ «ការរៀបចំគ្រប់គណៈកម្មការវាយតម្លៃ និងលើកទឹកចិត្តផ្សេងៗ ក្នុងក្របខណ្ឌអប់រំ មិនអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួង និងចាត់ចែងយកតែក្រុម និងបក្សពួកខ្លួនដើម្បីងាយស្រួលកេងយកផលប្រយោជន៍ផ្ទាល់ខ្លួន ដែលធ្វើឱ្យបាត់បង់តម្លៃក្នុងរចនាសម្ព័ន្ធគ្រប់គ្រងមន្ទីរអប់រំខេត្ត។
មន្ត្រីមន្ទីរអប់រំបានអះអាងថា លោក អ៊ិន ពៅសម្បត្តិក៏បានឃប់ឃិតជាមួយការិយាល័យបុគ្គលិក និងបណ្តុះបណ្តាលក្នុងការផ្ទេរបុគ្គលិកអប់រំ ពីកន្លែងមួយទៅកន្លែងមួយដោយមិនឆ្លងកាត់គណៈកម្មការរបស់មន្ទីរ និងបានប្រមូលយកថវិការាប់ពាន់ដុល្លារ ក្នុងម្នាក់ៗ ធ្វើឱ្យមានការប៉ះពាល់ដល់គោលនយោបាយពង្រាយគ្រូរបស់ជាតិ។
មន្ត្រីក្រោមឱវាទមន្ទីរអប់រំខេត្តត្បូងឃ្មុំ បានចាត់ទុកទង្វើរបស់លោក អ៊ិន ពៅសម្បតិ្ត គឺជារឿងដែលអាម៉ាស់ និងប៉ះពាល់ដល់កិត្តិយសវិស័យអប់រំខេត្ត និងធ្វើឱ្យមន្ត្រីអប់រំខេត្តអស់ទំនុកចិត្ត។
ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មាន EAC ឱ្យដឹងថា ក្រសួងអប់រំកំពុងស្រាវជ្រាវករណីនេះដោយការយកចិត្តទុកដាក់ខ្ពស់៕