ភ្នំពេញ៖ ប្រធានមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ លោក គី សាន់ទី បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មាន EAC News នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ថា ទារកដែលគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វាជាមួយម្តាយកាលពីយប់ថ្ងៃទីយប់ថ្ងៃទី០៥ ខែធ្នូ មិនទាន់ស្លាប់នៅឡើយទេ។
ប្រធានមន្ទីរពេទ្យគន្ធបុប្ផា លោក គី សាន់ទី បានប្រាប់ថា ទារកនោះកំពុងតែស្ថិតនៅក្រោមការជួយសង្គ្រោះបន្ទាន់ពីក្រុមគ្រូពេទ្យពីព្រោះស្ថានភាពទារកនោះគឺមានសា្ថនភាពធ្ងន់ធ្ងរ។
លោក គី សាន់ទី បានអះអាងបែបនេះ ក្រោយពីមានពលរដ្ឋមួយចំនួននៅបណ្តោញសង្គមបានបង្ហោះថា ទារកនោះបានបាត់បង់ជីវិតហើយ ដែលធ្វើឱ្យមានការភ្ញាក់ផ្អើល សោកស្តាយ និងអាណិតដល់ចំពោះទារកអាយុ២ខែនោះ។
បច្ចុប្បន្នស្ថានភាពស្ត្រីជាម្តាយ និងបុរសម្នាក់ដែលជាជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វាចាស់ មានស្ថានភាពល្អប្រសើរបន្តិច លើកលែងតែទារកកំពុងតែស្ថិតក្រោមការសង្គ្រោះបន្ទាន់នៅឡើយ។
ភាគីខាងរថយន្តដែលបង្កហេតុត្រូវបានអាជ្ញាធរឃាត់ខ្លួន និងត្រូវបានអាជ្ញាធរកសាងសំណុំរឿងបញ្ជូនទៅតុលាការរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ បើទោះបីខាងជនបង្ក និងជនរងគ្រោះបានឯកភាពគ្នាបញ្ចប់រឿងត្រឹមសំណង ២៥០០ដុល្លារក្តី៕