ភ្នំពេញ៖ សាធារណរដ្ឋកូរ៉េនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នេះបានចុះហត្ថលេខាផ្ដល់កម្ចីសម្បទានដល់រាជរដ្ឋាភិបាលកម្ពុជាដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិក។
ពិធីចុះហត្ថលេខានេះក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។
កម្ចីសម្បទានដែលមានតម្លៃជិត២ពាន់លានដុល្លារនេះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា លោក ប៉ាក ហឹងត្បូង (PARK Heung-kyeong) សម្រាប់កិច្ចសម្របសម្រួលក្របខណ្ឌស្តីពីការ ផ្តល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន ១៥០០លានដុល្លារអាមេរិក និងមានគម្រោង ២ទៀតដែលត្រូវចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃធនាគារនីហ័រណអាហ័រណកូរ៉េប្រចាំ កម្ពុជាលោកស្រី Minnie. CHEY ដែលនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងចំនួន២ គឺគម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ ដែលមានទឹកប្រាក់ចំនួន ៧០ ០០០ ០០០ដុល្លារអាមេរិក និងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ និងពីជ្រោយចង្វារ-អរិយក្សត្រ) ដែលមានទឹកប្រាក់ចំនួន ២៤៥ ៩០៩ ០០០ដុល្លារអាមេរិក។
បើតាមក្រសួងការបរទេស ឥណទានសម្បទានដែលផ្តល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនាពេលនេះ នឹងចូលរួមចំណែក ដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងល្អដែលមានស្រាប់រវាងប្រជាជាតិទាំងពីរ៕