ភ្នំពេញ៖ ឯករាជទូតជប៉ុនដែលចប់អាណត្តិ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) បានឲ្យដឹងថា បេសកកម្មរបស់លោកនៅព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅយ៉ាងល្អ ដោយមានការគាំទ្រ និងស្រឡាញ់រាប់អានពីគ្រប់ស្ថាប័នរដ្ឋ និងឯកជនរបស់កម្ពុជា ហើយជប៉ុននៅតែបន្តគាំទ្រកម្ពុជា ខណៈដែលពេលនេះកំពុងចូលរួមបង្ហាត់កីឡាករកម្ពុជា ត្រៀមប្រកួតស៊ីហ្គេមនៅឆ្នាំខាងមុខផងដែរ។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) បានចូលជួបជម្រាបលា នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ។
ក្នុងជំនួបនោះលោក មិកាមិ បានសំដែងនូវការអបអរសាទរគោរពជូនសម្ដេចតេជោ ចំពោះជោគជ័យនៃការរៀបចំដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ និងការគ្រប់គ្រងការរីករាលដាជំងឺកូវីដ-១៩ ហើយក៏បានសំដែងនូវការគោរពភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ដោយទី១.ការដឹកនាំកម្ពុជាឲ្យមានសុខសន្តិភាព ជាពិសេសមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមក ទី២.ការសម្រេចចិត្តលើបញ្ហាជម្លោះអ៊ុយក្រែន-រុស្ស៊ី ទី៣.ក្នុងការប្រឹងប្រែងដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ទី៤.ការពង្រឹង និងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំក្រោយ។
លោកបានបន្ថែមថា បេសកកម្មរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅយ៉ាងល្អ ដោយមានការគាំទ្រ និងស្រឡាញ់រាប់អានពីគ្រប់ស្ថាប័នរដ្ឋ និងឯកជនរបស់កម្ពុជា ហើយជប៉ុន នៅតែបន្តគាំទ្រកម្ពុជា ហើយពេលនេះ ជប៉ុន កំពុងចូលរួមបង្ហាត់កីឡាករកម្ពុជា ត្រៀមប្រកួតស៊ីហ្គេមនៅឆ្នាំខាងមុខផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោក មិកាមិ ដែលបានធ្វើសកម្មភាពយ៉ាងច្រើនរួមគ្នារួមមាន៖ ទី១.ការរួមគ្នាជំរុញលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទី២.រៀបចំឱ្យមានការចូលចតនាវាជប៉ុន ចំនួន ២ដង នៅកម្ពុជា ទី៣.រៀបចំឱ្យមានជំនួបរវាងសម្ដេចតេជោ និងឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ចំនួន ១ដងក្នុងមួយឆ្នាំ ទី៣.រៀបចំឱ្យមានការផ្លាស់ប្ដូរដំណើរទស្សនកិច្ច រួមទាំងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ទៅប្រទេសជប៉ុនផងដែរ ទី៥.ជំរុញវិនិយោគជប៉ុនមកកម្ពុជា ទី៦.ការធ្វើខួបក្រុមហ៊ុនមីនេបៀរ និងការជំរុញដំណើរការគម្រោងជប៉ុនទាំងអស់នៅកម្ពុជា ឱ្យដំណើរការបានល្អទោះស្ថិតក្នុងស្ថានភាពលំបាកដោយជំងឺកូវីដក៏ដោយ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូន ផងដែរថា ករណីជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី គឺជាករណីគោលការណ៍ច្បាប់ និងគុណស្រ័យ គឺខុសគ្នា។ ដោយឡែកករណីមីយ៉ាន់ម៉ា សម្ដេចតេជោ បានមានប្រសាសន៍ថា កម្ពុជា បានប្រឹងប្រែងអំពីកម្លាំងកាយចិត្ត ដើម្បីជួយឲ្យមីយ៉ាន់ម៉ា វិលត្រឡប់មកគន្លងប្រក្រីភាពវិញ ដែលពេលនេះ គឺទុកជូនប្រទេសឥណ្ឌូនេស៊ី ជាប្រធានបន្តវេន ដោះស្រាយបន្ត ។
ជាទីបញ្ចប់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានជូនពរឲ្យលោក មិកាមិ ឲ្យទទួលជោគជ័យបន្ថែមទៀត ក្នុងបេសកកម្មរបស់លោកនាពេលអនាគត ៕