បាត់ដំបង៖ នារសៀលម៉ោង០៣រសៀល ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ អាជ្ញាធរបានឃាត់ខ្លួនមុខសញ្ញាជនសង្ស័យចំនួន១នាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់ទៀត ដែលបានបាញ់សម្លាប់យុវជនម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសនៅទីក្រុងបាត់ដំបងកាលពីយប់ម៉ោង៤ទាបភ្លឺឈានចូលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។
បើតាមការផ្សាយព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ការឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់នោះ គឺអាជ្ញាធរខេត្តបាត់ដំបងបានសហការជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ។ ស្នងការដ្ឋាននគរបាលខេត្តបានបន្តថា បច្ចុប្បន្នជនសង្ស័យនោះត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីសាកសួរ និងស្រាវជ្រាវរកជនសង្ស័យដែលជាបក្សពួកផ្សេងទៀត។
ស្នងការខេត្ត បានអះអាងថា នៅមុនពេលមានហេតុការណ៍នេះកើតឡើង ជនរងគ្រោះបានមកអង្គុយនៅចំណុចសួនច្បារមាត់ស្ទឹងសង្កែត្រើយខាងលិច ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក៏ស្រាប់តែជនសង្ស័យមួយក្រុមបានបើករថយន្តដោយដកកំាភ្លើងខ្លីបាញ់ជាច្រើនគ្រាប់សំដៅមកលើជនរងគ្រោះ បណ្តាលឱ្យស្លាប់ម្នាក់ពេលបញ្ជូនទៅមន្ទីរពេទ្យ និង២នាក់ទៀតរងរបួសស្រាល។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបន្តថា ជនសង្ស័យក៏ជិះរត់គេចបាត់ស្រមោលភ្លាមៗ។ សមត្ថកិច្ចក៏បានចុះទៅពិនិត្យកន្លែងកើតហេតុ និងស្វែងរកភស្តុតាង ដើម្បីស្រាវជ្រាវរកជនល្មើស ទើបឈានដល់ការឃាត់ខ្លួនបានមុខសញ្ញាបានម្នាក់។ បច្ចុប្បន្នអាជ្ញាធរកំពុងតែស្វះស្វែងប្រមាញ់តាមចាប់ជនសង្ស័យជាច្រើនរូបទៀតដើម្បីយកមកដោះស្រាយតាមច្បាប់។
បើតាមស្នងការខេត្ត ដើមហេតុដែលធ្វើឱ្យមានការផ្ទុះអាវុធនេះ គឺអាចផ្តើមចេញពីរឿងគំនុំ រវាងក្រុមជនបង្កជាមួយក្រុមជនរងគ្រោះ៕