
រឿងផ្ដិតមេដៃលើលិខិតទទួលលុយសំណង ២៥០០ដុល្លារ ជនរងគ្រោះថាផ្ដិតក្នុងស្ថានភាពបង្ខំខណៈប៉ូលិសប្រកែក
ភ្នំពេញ៖ ស្រ្តីជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារចាស់កាលពីយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ បានអះអាងថាខ្លួនមិនដឹងមុនឡើយថាសមត្ថកិច្ចឱ្យខ្លួនផ្តិតមេដៃបញ្ចប់រឿងត្រឹមសំណងចំនួន ២៥០០ដុល្លារ ដោយនាងយល់ព្រមផ្តិតមេដៃដោយស្មានតែជាក្រដាសពាក្យបណ្តឹង ខណៈស្នងការដ្ឋានរាជធានីភ្នំពេញអះអាងថាមិនបានចាប់ដៃជនរងគ្រោះឱ្យទទួលសំណងបញ្ចប់រឿងឡើយ។
ស្ត្រីជនរងគ្រោះបានបញ្ជាក់ថា រូបនាងមិនបានដឹងសោះឡើយថាក្រដាសដែលសមត្ថកិច្ចឱ្យនាងផ្តិតមេដៃនោះគឺជាក្រដាសបញ្ចាក់ពីការព្រមទទួលសំណង ដោយសម្អាងថា «ខ្លួនស្ថិតក្នុងស្ថានភាពធេងធោង» ហើយរូបនាងក៏មិនបានដឹងឡើយថាម្តាយរបស់ខ្លួនដែលជាជីដូនទារកអាយុ២ខែដែលកំពុងតែសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា ព្រមទទួលសំណងជំងឺចិត្តចំនួន២ពាន់៥រយដុល្លារពីជនបង្ក។
ស្ត្រីរងគ្រោះបញ្ជាក់ថា ម្តាយរបស់ខ្លួនថាការណ៍ដែលព្រមទទួលសំណងដោយសារបារម្ភខ្លាចអត់មានថវិកាដើម្បីបង់ឱ្យពេទ្យ។
ម្តាយទារកអាយុ២ខែរូបនោះ បានអះអាងថា អំឡុងខ្លួនស្ថិតនៅក្នុងការព្យាបាលនៅមន្ទីរពេទ្យឯកជនមួយ មានមនុស្សស្រីចំណាស់ម្នាក់បានប្រាប់ឱ្យរូបនាងទទួលសំណងចំនួន ៣ពាន់ដុល្លារ ប៉ុន្តែរូបនាងបានបដិសេដការទទួលយកសំណងនោះ ដោយរូបនាងថាថវិកានោះគឺមិនគ្រប់គ្រាន់នឹងមើលជំងឺ។
ទាក់ទងនឹងករណីនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ បានចេញមកការពារមន្ត្រីរបស់ខ្លួន ដោយថាសមត្ថកិច្ចបានចុះទៅសាកសួរលោកស្រីវេជ្ជបណ្ឌិតដែលម្ចាស់គ្លីនិកឯកជនដែលព្យាបាលស្ត្រីជនរងគ្រោះនោះផ្ទាល់ព្រមទាំងចាក់នូវសំឡេងរបស់ម្ចាស់គ្លីនិកផងដែរ។
ស្នងការរាជធានីភ្នំពេញបានអះអាងដោយដកស្រង់សម្តីម្ចាស់គ្លីនិកឯកជននោះថា ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី០៥ ខែធ្នូ ស្ត្រីជនរងគ្រោះ «មិនមានអាការសន្លប់ឡើយ» ពោលគឺស្ត្រីរូបនោះបានដើរចូលមកទទួលការព្យាបាលនៅគ្លីនិកដោយខ្លួនឯង។
លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ថា ស្រ្តីជនរងគ្រោះមិនមានការបាត់បង់ស្មារតីឡើយ គឺគ្រាន់តែមានរងរបួសត្រង់ក្បាល ក និងភ្នែក។
ម្ចាស់គ្លីនិកបាននិយាយប្រាប់ស្នងការថា៖ «ខ្ញុំមិនបានដឹងថាមានការបង្គំអីមែន តែស្មារតីគាត់គឺធម្មតា គាត់ក៏មានគ្នាគាត់នៅហ្នឹងនិយាយលេង ស្មារតីគាត់ធម្មតា អត់មានវង្វេងវង្វាន់ អត់មានងងឹតភ្នែក ឬអត់មានបាត់បង់ស្មារតីណាមួយទេ គឺនៅធម្មតា ប្រក្រតី។ មានអ្នកមកមើលគាត់ និយាយជាមួយគាត់បានធម្មតា»។
ដោយយោងតាមសម្តីរបស់ម្ចាស់គ្លីនិក និងសាក្សីដែលមកមើលសុខទុក្ខជនរងគ្រោះ ស្នងការរាជធានីភ្នំពេញថា «គ្មានហេតុផលណាមួយដែលសមត្ថកិច្ចត្រូវចាប់ដៃជនរងគ្រោះមកផ្តិតមេដៃនោះទេ»។
ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅត្រង់ស្ពានជ្រោយចង្វាចាស់ ដែលបានបណ្តាលឱ្យមនុស្សចំនួន៣នាក់រងរបួសធ្ងន់ស្រាល ជាពិសេសមានទារកម្នាក់ផងដែរ ភាគីខាងរថយន្តដែលបង្កហេតុត្រូវបានអាជ្ញាធរឃាត់ខ្លួន និងត្រូវបានអាជ្ញាធរកសាងសំណុំរឿងបញ្ជូនទៅតុលាការរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ បើទោះបីខាងជនបង្ក និងជនរងគ្រោះបានឯកភាពគ្នាបញ្ចប់រឿងត្រឹមសំណង ២៥០០ដុល្លារក្តី៕