លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ថាប្រទេសកម្ពុជាឈានមុខគេក្នុងតំបន់ក្នុងការគោរពសិទ្ធិមនុស្ស

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជាបានឈានមុនគេក្នុងតំបន់ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។

ថ្លែងក្នុងឱកាសប្រារព្ធពិធីអបអរខួប៧៥ឆ្នាំ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានរម្លឹកពីប្រវត្តិសាស្ត្ររបស់កម្ពុជាដែលបានឆ្លងកាត់សង្គ្រាម និងការកាប់សម្លាប់ដែលបានជះឥទ្ធិពលទាំងលើផ្លូវកាយ និងផ្លូវចិត្តពលរដ្ឋខ្មែរសព្វថ្ងៃ។ ទោះជាយ៉ាងណាលោកថាចាប់តាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កម្ពុជាបានចាប់ផ្ដើមពីចំណុចសូន្យឡើងវិញ រហូតឈានដល់ការអនុវត្តប្រជាធិបតេយ្យ និងក្រោមម្លប់សន្ដិភាពដូចបច្ចុប្បន្ន។

លោក ឱម យ៉ិនទៀង បានបន្ថែមថា កត្តាដែលធ្វើឱ្យសិទ្ធិមនុស្សកម្ពុជាឈានមុនគេក្នុងតំបន់រួមមាន ការមិនអនុវត្តទោសប្រហារជីវិត ការចូលជាសមាជិកសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោម៩ រួមទាំងពិធីសារបន្ថែមចំនួន៤ទៀត ស្របគ្នាជាមួយនឹងការអនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស UN និងអ្នករាយការណ៍ពិសេសទទួលន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជាផងដែរ។

លោកទេសរដ្ឋមន្ត្រីថា៖ «កត្តាធំៗទាំងនេះគឺជាតឹកតា និងសក្ខីកម្មយ៉ាងរឹងមាំ ដែលឆ្លុះបញ្ចាំងពីសុឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស»

ថ្លែងក្នុងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី បានលើកឡើងថាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ និងលេចធ្លោក្នុងពេលដែលពិភពលោកប្រឈមនឹងជំងឺកូវីដ-១៩។ លោកបន្ថែមថាយុទ្ធនាការចាក់វ៉ាក់សាំង ការផ្ដល់ប្រាក់សមធម៌សង្គមដល់ពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ រក្សាបានសន្តិភាពស្ថេរភាព គ្មានការរឹតត្បិតសិទ្ធិមនុស្ស សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា និងសិទ្ធិក្នុងការគោរពសាសនាជាដើម។

លោកថា៖ «សម្ដេចតេជោ នាយករដ្ឋមន្ត្រីតាំងពីរំដោះឆ្នាំ១៩៧៩ លើកស្ទួយសិទ្ធិរស់រានមានជីវិតជាពិសេសគឺបញ្ហាប្រឈមទាំងមនុស្ស និងធម្មជាតិ ដែលយើងអាចរំដោះខ្លួនបាន ហើយជាពិសេសការចាក់វ៉ាក់សាំងដែលអនុញ្ញាតឱ្យកម្ពុជាបើកប្រក្រតីភាពឡើងវិញ។ ប្រជាពលរដ្ឋមានសិទ្ធិប្រកបរបររកទទួលទាន ក្មួយៗបានមកទទួលនូវចំណេះដឹងនៅតាមវិទ្យាល័យសាកលវិទ្យាល័យ។ នេះជាចំណុចមួយដែលឃើញថាកម្ពុជានាំមុខនៅក្នុងការនាំភាពប្រក្រតីភាពដោយភាពដឹកនាំរបស់សម្ដេចតេជោ»

ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានលើកឡើងថាកត្តាដែលធ្វើឱ្យកម្ពុជាអាចសម្រេចបានដូចបច្ចុប្បន្ននេះគឺជាកត្តាសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស ការអភិវឌ្ឍន៍ ដែលកិច្ចការទាំងនេះមិនអាចកាត់ផ្ដាច់បានពីការចូលរួមរបស់ថ្នាក់ដឹកនាំ អាជ្ញាធរ សមត្ថកិច្ច សង្គមស៊ីវិល ប្រជាពលរដ្ឋ និងយុវជនគ្រប់រូបនោះឡើយ។

ទិវាសិទ្ធិមនុស្សត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី១០ ខែធ្នូ ដែលជាថ្ងៃដែលមហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តនៅឆ្នាំ១៩៤៨ ដែលជាសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (UDHR)។ សេចក្ដីប្រកាសជាសកលនេះឲគឺជាឯកសារដ៏សំខាន់មួយ ដែលប្រកាសអំពីសិទ្ធិដែលមិនអាចកាត់ផ្តាច់បាន ដែលមនុស្សគ្រប់រូបមានសិទ្ធិក្នុងឋានៈជាមនុស្ស ដោយមិនគិតពីពូជសាសន៍ ពណ៌សម្បុរ សាសនា ភេទ ភាសា នយោបាយ ឬមតិផ្សេងទៀត ដើមកំណើតជាតិ ឬសង្គម ទ្រព្យសម្បត្តិ កំណើត ឬស្ថានភាពផ្សេងទៀត។ វាមានច្រើនជាង ៥០០ភាសាដែលជាឯកសារដែលបានបកប្រែច្រើនភាសាបំផុតនៅក្នុងពិភពលោក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក