រុស្សី៖ ប្រធានាធិបតីរុស្សី លោក Vladimir Putin បានថ្លែងនៅថ្ងៃពុធម្សិលមិញនេះថា ភាពតានតឹងទាក់ទងនឹងអាវុធនុយក្លេអ៊ែរមានការកើនឡើង ប៉ុន្តែយ៉ាងណាក្តីលោកបានអះអាងថា រដ្ឋាភិបាលទីក្រុងម៉ូស្គូនឹងមិនធ្វើទង្វើជ្រុលហួសហេតុណាមួយឡើយ ពោលគឺនឹងមិនពង្រាយអាវុធនុយក្លេអ៊ែរមុនឡើយ នៅក្នុងវិបត្តិជាមួយប្រទេសអ៊ុយក្រែន។
កន្លងមកលោកពូទីនធ្លាប់បាននិយាយពាក់ព័ន្ធនឹងប្រតិបត្តិការយោធាពិសេសរបស់រុស្សី ទល់នឹងអ៊ុយក្រែនថានឹងអូសបន្លាយក្នុងរយៈពេលវែង។ កងកម្លាំងយោធារុស្សីបានខកខាននូវគោលដៅសំខាន់ៗនានារបស់ខ្លួនចាប់តាំងពីខែកុម្ភៈមក ដោយមជ្ឈដ្ឋាននានាបានបង្ហាញពីក្តីព្រួយបារម្ភថា រុស្សីនឹងងាកទៅរកការប្រើប្រាស់អាវុធនុយក្លេអ៊ែរជំនួសវិញ ដើម្បីឆាប់សម្រេចបានគោលដៅនៃប្រតិបត្តិការយោធានេះ។
ក្រោយកិច្ចប្រជុំជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្ស លោក ពូទីន បានថ្លែងថា៖ "យើងមិនមែនឆ្កួតលីលា ដោយមិនដឹងថាអាវុធនុយក្លេអ៊ែរជាអ្វីនោះទេ។" ការថ្លែងបែបនេះទំនងជាលោកពូទីន នឹងមិនចេះតែបង្ហាញ ឬប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងស្ថានការណ៍នេះឡើយ។ ប៉ុន្តែយ៉ាងណាក្តី លោកក៏បានទទួលស្គាល់ពីបញ្ហាភាពតានតឹង ដែលជាការគំរាមកំហែងដល់លទ្ធភាពនៃការប្រើប្រាស់អាវុធដ៏គ្រោះថ្នាក់នេះផងដែរ។
ទោះបីជាបែបនេះក៏ដោយ លោក ពូទីន ឆ្លៀតព្រលយពាក្យបន្ថែមថា អាវុធនុយក្លេអ៊ែររបស់រុស្សី នឹងអាចប្រើប្រាស់បានតែក្នុងលក្ខខណ្ឌដែលមានការឈ្លានពានដោយសត្រូវមកលើរុស្សីមិនតែប៉ុណ្ណោះ។ លោក ពូទីន បាននិយាយពីគោលការណ៍យុទ្ធសាស្រ្តរបស់រុស្សីថា៖ "នៅពេលដែលគេវាយប្រហារយើង យើងនឹងវាយប្រហារតបតវិញ។ ប៉ុន្តែយើងនឹងមិនប្រើប្រាស់វាមុននោះឡើយ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ ព្រោះលទ្ធភាពនៃការប្រើប្រាស់វានៅក្នុងព្រឹត្តិការណ៍នៃការវាយប្រហារនុយក្លេអ៊ែរប្រឆាំងនឹងទឹកដីរបស់យើងមានកម្រិតខ្លាំងណាស់"។
ទាក់ទងនឹងមតិរបស់លោកពូទីន ក៏៏បានទាក់ទាញចំណាប់អារម្មណ៌ភ្លាមៗផងដែរ ពាក់ព័ន្ធនឹងការរិះគន់របស់អាមេរិកលើកម្មវិធីនុយក្លេអ៊ែររបស់រុស្សី។ លោក Ned Price មកពីអង្គភាពអ្នកនាំពាក្យនៃរដ្ឋាភិបាលអាមេរិក បានលើកឡើងថា ការនិយាយពាក់ព័ន្ធនឹងនុយក្លេអ៊ែរបែបស្រាលៗបែបនេះ មិនមែនជាកាយវិការទទួលខុសត្រូវឡើយ។ លោកបានបន្តថា វា (នុយក្លេអ៊ែរ) មានគ្រោះថ្នាក់ ហើយក៏ប្រឆាំងទៅនឹងស្មារតីនៃសេចក្តីថ្លែងការណ៍ ដែលជាស្នូលនៃរបបមិនរីកសាយភាយនុយក្លេអ៊ែរ ចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់មក៕