ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា មានបំណងចង់ជំរុញឱ្យសាកលវិទ្យាល័យភូមិន្ទកសិកម្មក្លាយជាសាកលវិទ្យាល័យនាំមុខមួយនៅក្នុងតំបន់ និងក្នុងប្រទេសនៅថ្ងៃអនាគត។
ថ្លែងនៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម នាព្រឹកថ្ងៃទី០៧ ខែឆ្នូ ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា បានបញ្ជាក់ថា នាពេលអនាគតលោកចង់ជំរុញឱ្យសាកលវិទ្យាល័យភូមិន្ទកសិកម្មក្លាយជាសាកលវិទ្យាល័យនាំមុខមួយ នៅក្នុងប្រទេស និងនៅក្នុងតំបន់តាមរយៈការបន្ថែមភាសាអង់គ្លេស ព័ត៌មានវិទ្យា មុខវិជ្ជាគ្រប់គ្រង និងគណនេយ្យ ដែលជាមូលដ្ឋានគ្រឹះដើម្បីឱ្យសិស្សមានកំរិតវប្បធម៌ដឹកនាំខ្ពស់។
រដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើងថា កសិកម្ម គឺជាវិស័យដែលមានវិសាលភាពទូលំទូលាយ។ លោកបានបន្តថា ការបណ្ដុះបណ្ដាលធនធានមនុស្សគឺជារឿងដ៏សំខាន់ និងចាំបាច់ ដើម្បីឱ្យវិស័យកសិកម្មកាន់តែមានភាពរីកចម្រើនទៅមុខ។
ដើម្បីសម្រេចគោលដៅនេះបាន លោកបានណែនាំឱ្យមានការអនុវត្តទ្រឹស្តីផ្សារភ្ជាប់នឹងការងារក្នុងមជ្ឈដ្ឋានវិជ្ជាជីវៈផ្ទាល់តែម្តង។ ក្រៅពីនេះលោកក៏ចង់ជំរុញឱ្យថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យគិតពីនិរន្ដរភាព និងស្វ័យភាពហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្ដល់ការសិក្សាប្រកបដោយគុណភាពដល់និស្សិត។
លោក ឌិត ទីណា សង្ឃឹមថាប៉ុន្មានឆ្នាំទៅមុខទៀត សិស្សចេញពីសាលាកសិកម្មនឹងក្លាយជាធនធានមនុស្សដ៏ពេញនិយមសម្រាប់ក្រុមហ៊ុនទាំងឡាយ។ ជាមួយគ្នានេះលោកក៏រំពឹងថា សាកលវិទ្យាល័យភូមិន្ទកសិកម្មនេះនឹងទាក់ទាញសិស្សពូកែឱ្យចង់ចូលរៀននៅសាលកវិទ្យាល័យនេះ។ ទន្ទឹមនេះនឹងអាចបើកទ្វារស្វាគមន៍សិស្សដែលមានពិការភាពផងដែរ។
គូសបញ្ជាក់ថា សាកលវិទ្យាល័យភូមិន្ទកសិកម្មមានកម្មវិធីសិក្សាថ្នាក់បរិញ្ញបត្រចំនួន៩ គឺវិទ្យាសាស្ត្រកសិកម្ម វិទ្យាសាស្រ្តសត្វ វេជ្ជសាស្ត្រសត្វ វិទ្យាសាស្ត្រព្រៃឈើ វិទ្យាសាស្ត្រជលផល វិស្វកម្មកសិកម្ម សេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ កសិឧស្សាហកម្ម និងរៀបចំដែនដី និងរដ្ឋបាលដីធ្លី៕