ប៉េរូ៖ សាធារណរដ្ឋប៉េរូ បានតែងតាំងប្រធានាធិបតីជាស្រ្តីលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្ត ក្រោយពីអតីតប្រធានាធិបតី លោក Pedro Castillo ត្រូវបានដកចេញពីតំណែង ប៉ុន្មានម៉ោងប៉ុន្មានក្រោយពីលោកមានបំណងចង់រំលាយសភា។
លោកស្រី Dina Boluarte ដែលជាអតីតអនុប្រធានាធិបតី បានធ្វើពិធីស្បថចូលកាន់តំណែងភ្លាមៗ ក្រោយពីរឿងរ៉ាវចម្រូងចម្រាស់បានកើតមានឡើងក្នុងក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាល ក្នុងទីក្រុង Lima ប្រទេសប៉េរូ កាលពីថ្ងៃពុធម្សិលមិញនេះ។ គួរឱ្យដឹងថា អតីតប្រធានាធិបតី លោក Castillo បាននិយាយកាលពីថ្ងៃម្សិលមិញនេះថា លោកមានបំណងចង់ជំនួសសភាបច្ចុប្បន្នដោយ "រដ្ឋាភិបាលគ្រាអាសន្នពិសេសមួយ"។ យ៉ាងណាមិញ សមាជិកសភាភាគច្រើនមិនយល់ស្របនឹងគំនិតនេះឡើយ ដោយបានកោះប្រជុំបន្ទាន់មួយដើម្បីបញ្ចប់តំណែង និងចុងក្រោយប្រធានាធិបតីត្រូវបានឃាត់ខ្លួន និងចោទប្រកាន់ពីបះបោរ។
ប្រធានាធិបតីថ្មី លោកស្រី Dina Boluarte មានវ័យ ៦០ឆ្នាំដែលជាមេធាវីផងនោះបាននិយាយថា លោកស្រីអាចនឹងដឹកនាំរដ្ឋាភិបាលរហូតដល់ខែកក្កដា ឆ្នាំ២០២៦ ដែលជាពេលអាណត្តិប្រធានាធិបតីរបស់លោក Castillo ត្រូវបញ្ចប់។ ថ្លែងបន្ទាប់ពីចូលកាន់តំណែង លោកស្រីបានអំពាវនាវឲ្យមានបទឈប់បាញ់ផ្នែកនយោបាយដើម្បីជំនះវិបត្តិដែលបានកាន់តែមកកៀកប្រទេស។ អ្នកស្រីបានថ្លែងថា៖ "អ្វីដែលខ្ញុំស្នើសុំគឺគម្លាតសមល្មមួយ និងពេលវេលាដើម្បីសង្គ្រោះប្រទេសមួយនេះ"។
ហេតុការណ៍ដំបូងដែលនាំឱ្យមានការបញ្ចប់តំណែងប្រធានាធិបតី ក្រោយពេលដែលលោកបានថ្លែងសុន្ទរកថាក្នុងទូរទស្សន៍ជាតិ ក្នុងគោលបំណងដាក់ប្រទេសស្ថិតក្នុងគ្រាអាសន្ន។ បន្ថែមពីនេះលោកក៏បានប្រកាសពីគោលដៅក្នុងការរំលាយសភាដែលភាគច្រើនស្ថិតក្រោមការគ្រប់គ្រងពីក្រុមប្រឆាំង ខណៈការប្រកាសនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើល និងចលាចលជាខ្លាំង រហូតដល់ថ្នាក់ដឹកនាំនៃរដ្ឋាភិបាល រួមជាមួយរដ្ឋមន្រ្តីជាច្រើនរូបបានប្រកាសលាលែងពីតំណែង និងមានបាតុកម្មតវ៉ាបានផ្ទុះឡើងទាំងក្នុង និងក្រៅប្រទេស៕