ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីមហាផ្ទៃអំពាវនាវឱ្យគោរពច្បាប់ខណៈបដិសេធមិនគាំទ្រការយកលុយទៅសងជនរងគ្រោះក្នុងករណីចរាចរណ៍

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តបណ្តាលឱ្យមនុស្សរងរបួសឬស្លាប់ ជនបង្កហេតុមួយចំនួនតែងតែប្រើលុយដើម្បីបញ្ចប់រឿង ដោយសងជំងឺចិត្តដល់ជនរងគ្រោះ ឬគ្រួសារជនរងគ្រោះទៅតាមស្ថានភាពជាក់ស្តែង។ ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា សម្តេចមិនគាំទ្រសកម្មភាពនេះជាដាច់ខាត។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងឱកាសទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៧ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា៖ «ខ្ញុំគិតថានេះមិនមែនជារឿងទូទៅទេ វាអាចកន្លែងខ្លះ ជាបុគ្គល ជាសមត្ថកិច្ច។ ខ្ញុំក៏ចង់ដឹងពីព័ត៌មានជាក់លាក់ដើម្បីចាត់វិធានការឱ្យបានសមស្របដែរ ហើយខ្ញុំអត់គាំទ្រទង្វើអ៊ីចឹង»

សម្តេចក្រឡាហោម ស ខេង បានសម្តែងការសោកស្តាយចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានបណ្តាលឱ្យបាត់បង់អាយុជីវិតអ្នកបើកបរ ឬរួមអ្នកដំណើរនៅតាមដងផ្លូវ។

សម្តេចក្រឡាហោមបានអំពាវនាវដល់ពលរដ្ឋដូច្នេះថា៖ «យើងទាំងអស់គ្នាត្រូវចាំបាច់ចូលរួមចាប់អារម្មណ៍ និងគាំទ្រក្នុងការបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍។ កត្តាសំខាន់ហ្នឹង គឺកត្តាមនុស្ស អ្នកធ្វើដំណើរក្តី អ្នកនៅតាមដងផ្លូវក្តី គឺអ្នកទាំងអស់គ្នាត្រូវគោរពច្បាប់ចរាចរណ៍»

ថ្មីៗនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅត្រង់ស្ពានជ្រោយចង្វា ដែលបានបណ្តាលឱ្យមនុស្សចំនួន៣នាក់រងរបួសធ្ងន់ ក្នុងនោះមានទារកម្នាក់ផងដែរដែលត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា។ ភាគីខាងរថយន្តដែលបង្កហេតុត្រូវបានអាជ្ញាធរឃាត់ខ្លួន ហើយជនបង្កបានផ្តល់សំណងបញ្ចប់រឿងត្រឹមតែចំនួន២ពាន់៥រយដុល្លារទៅជនរងគ្រោះតែប៉ុណ្ណោះ។ តែយ៉ាងណាជនបង្កនៅតែត្រូវបានបន្តចាត់ការតាមនីតិវិធីច្បាប់ ដោយបញ្ជូនទៅតុលាការរាជធានីភ្នំពេញ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ធ្លាប់បានអះអាងថា ជនបង្កដែលបើករថយន្តបុកគេស្លាប់គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ព្រហ្មទណ្ឌ។

លោកបានថ្លែងថា៖ «នៅពេលមានហេតុការណ៍ដូចនេះ គឺជាទំនាក់ទំនងនៃការទទួលខុសត្រូវរវាងជនរងគ្រោះ និងអ្នកបង្កហេតុ»

បើតាមលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលណាជនបង្កហេតុដែលជាអ្នកបុគ្គលិក ឬអ្នកបើកបរឱ្យក្រុមហ៊ុន ឬស្ថាប័នណាមួយ គឺម្ចាស់ក្រុមហ៊ុន ឬស្ថាប័នសាមីខ្លួនជាការទទួលខុសត្រូវចំពោះសំណងនូវរាល់ការខូចខាតទៅលើជនរងគ្រោះ ឬសម្បត្តិសាធារណៈផ្សេងៗរបស់រដ្ឋ។

លោកមេធាវី សូ សុខប៊ុនថេត បានបញ្ជាក់មកអ្នកសារព័ត៌មាន EAC News ឱ្យដឹងថា ជនបង្កហេតុអាចប្រឈមនឹងច្បាប់ចរាចរណ៍ផ្លូវគោកតាមមត្រា៨៥ ដែលចែងថា ជនណាដែលបានបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ធ្វើឱ្យជនរងគ្រោះស្លាប់ នឹងជាប់ទោសក្នុងពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ១៥លានរៀល។

លោកបន្តថា ប្រសិនជនណាបានបើកបរដោយស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុលចាប់ពី ០,០៤មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,០៨ក្រោមក្នុងមួយលីត្រឈាមឡើងទៅ បណ្តាលឱ្យមានមនុស្សស្លាប់ច្រើន ហើយជិះរត់គេចពីកន្លែងកើតហេតុ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ១០លានរៀល ទៅ ២៥លានរៀល។ ជាមួយគ្នានេះក៏អាចនឹងប្រឈមនឹងច្បាប់ព្រហ្មទណ្ឌត្រង់មាត្រា៥៣ផងដែរ។

មេធារីរូបនេះបានបន្ថែមថា ជនបង្កហេតុមិនត្រឹមតែបង់ថ្លៃប្រាក់ពិន័យចូលរដ្ឋទេ ប៉ុន្តែក៏ត្រូវផ្តល់សំណងដល់ជនរងគ្រោះតាមស្ថានភាពជាក់ស្តែងផងដែរ។ លោកបានអះអាងដែរថា កាលណាជនរងគ្រោះបដិសេដសំណងពីជនបង្កហេតុផ្តល់ឱ្យ នោះជនរងគ្រោះអាចស្នើសុំឱ្យខាងតុលាការជួយដោះស្រាយ ដើម្បីស្នើសុំសំណងដែលខ្លួនចង់បានពីជនបង្ក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក