ចិន៖ ប្រធានាធិបតីចិន ស៊ី ជីនពីង កំពុងចូលរួមកិច្ចប្រជុំថ្នាក់តំបន់មួយនៅក្នុងរាជាណាចក្រអារ៉ាប៊ីសាអូឌីតនៅសប្តាហ៍នេះ ខណៈពេលចិនកំពុងមានកិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ផ្តើមកំណើនសេដ្ឋកិច្ចរបស់ខ្លួន ក្រោយការងើបឡើងវិញបន្ទាប់ពីវិបត្តិកូវីដ-១៩។
រដ្ឋមន្រ្តីការបរទេសចិន បានបញ្ជាក់នៅថ្ងៃពុធ ទី០៧នេះថា លោក ស៊ី នឹងចូលរួមកិច្ចប្រជុំកំពូលរដ្ឋចិន-អារ៉ាប់ និងកិច្ចប្រជុំជាមួយមេដឹកនាំនៃប្រទេសទាំង៦ ដែលបង្កើតក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រអារ៉ាប់ នៅក្នុងរាជធានី Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកទៅកាន់អារ៉ាប៊ីសាអូឌីតនឹងបញ្ចប់នៅថ្ងៃសៅរ៍។
ប្រទេសចិន បច្ចុប្បន្នគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទីពីរលើពិភពលោក និងជាប្រភពមួយដ៏សំខាន់សម្រាប់ការវិនិយោគអន្តរជាតិ។ ចិន និងអារ៉ាប៊ីសាអូឌីត គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយក្នុងវិស័យប្រេង ដែលទំហំនៃការនាំចូលប្រេងពីអារ៉ាប៊ីសាអូឌីតមកកាន់ប្រទេសចិនក្នុងមួយឆ្នាំៗមានទំហំរាប់សិបពាន់លានដុល្លារ។
កំណើនសេដ្ឋកិច្ចចិនបានជាប់គាំង និងធ្លាក់ចុះជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោយពីរដ្ឋាភិបាលបានដាក់ចេញនូវវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹងបង្ការការរាលដាលនូវវីរុសកូវីដ-១៩។ យ៉ាងណាមិញ សេដ្ឋកិច្ចចិនបានកើនឡើងប្រមាណជា ៣,៩ភាគរយកាលពីឆ្នាំមុន ប៉ុន្តែយ៉ាងណាមិញទំហំនៃការកើនឡើងនេះ មិនទាន់ឆ្លើយតបនឹងគោលដៅរបស់រដ្ឋាភិបាលនៅឡើយ។
ថ្នាក់ដឹកនាំរបស់ចិនដែលចូលរួមក្នុងកិច្ចប្រជុំជាមួយអារ៉ាប៊ីសាអូឌីត និងមេដឹកនាំនៃប្រទេសទាំង៦ នៃក្រុមប្រឹក្សាឈូងសមុទ្រអារ៉ាប់ បានចែករំលែកនូវការងារមួយចំនួននៃបទពិសោធន៍ដឹកនាំរដ្ឋ និងបានថ្លែងការពាររដ្ឋាភិបាលជុំវិញបញ្ហាពាក់ព័ន្ធនឹងការរិះគន់លើគោលនយោបាយដ៏ឃោរឃៅរបស់ខ្លួនចំពោះជនជាតិ Uyghurs និងជនជាតិភាគតិចមូស្លីមផ្សេងទៀត។ កន្លងមក បើតាមប្រភពពីសារព័ត៌មានផ្សេងៗទៀតបានចុះផ្សាយថា មានជនជាតិភាគតិចប្រមាណជា ១លាននាក់ ត្រូវបញ្ជូនទៅជំរុំកែប្រែ ដែលគេជឿថាទីតាំងនោះបានបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិរបស់ជនជាតិភាគតិចមូស្លីមទាំងនោះ។
យ៉ាងណាមិញ រដ្ឋាភិបាលទីក្រុងប៉េកាំងបានឆ្លើយតប និងបដិសេធចំពោះការចោទប្រកាន់នេះ ដោយលើកឡើងថាមណ្ឌលកែប្រែនោះគឺជាទីតាំងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារ ព្រមទាំងការអប់រំដើម្បីបង្ការជនមូស្លីមជ្រុលនិយម និងបណ្តាញភេរវកម្មនានា៕