បារាំង៖ ក្លិបបាល់ទាត់ Paris Saint-Germain បានប្រកាសពីការនាំយកខ្សែការពារសញ្ជាតិម៉ារ៉ុក Achraf Hakimi ពីក្លិបបាល់ទាត់ Inter Milan ជាផ្លូវការ ក្រោយពីកីឡាករវ័យ ២២ឆ្នាំរូបនេះ ទើបចំណាយពេលបាន ១ឆ្នាំប៉ុណ្ណោះនៅទឹកដីអ៉ីតាលី និងបានរួមចំណែកជួយឱ្យ Inter Milan ឈ្នះពានលីគកំពូល Serie A កាលពីឆ្នាំ២០២០ កន្លងទៅផងដែរ។
គួរឱ្យដឹងថា Hakimi បានផ្ទេរពីក្លិប Real Madrid ទៅកាន់ Inter កាលពីឆ្នាំមុនក្នុងតម្លៃ ៤០លានអឺរ៉ូ បូកជាមួយប្រាក់បន្ថែមផ្សេងៗទៀតចំនួន ៥លានអឺរ៉ូ ក្រោយចំណាយពេល ២រដូវកាលជាមួយក្លិប Bourussia Dortmund ក្រោមលក្ខខណ្ឌខ្ចីជើង។
កាលពីរដូវកាលមុន Hakimi បានបង្ហាញខ្លួនយ៉ាងអស្ចារ្យនៅលីគកំពូលអ៉ីតាលី លេងបាន ៣៧ប្រកួត រកគ្រាប់បាល់បាន ៧គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន ១០លើក មុននឹងសម្រេចមកចូលរួមជាមួយ PSG នារដូវកាលនេះ ក្នុងកិច្ចសន្យាដែលមានសុពលភាពរហូតដល់ឆ្នាំ២០២៦។
Achraf Hakimi បានលើកឡើងថា៖ "ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ក្នុងថ្ងៃនេះ។ បន្ទាប់ពីអេស្ប៉ាញ, អាល្លឺម៉ង់ និងអ៊ីតាលី នៅពេលនេះ PSG បានផ្តល់ឱ្យខ្ញុំនៅឱកាសប្រកួតប្រជែងជើងឯកដ៏ថ្មីស្រឡាងមួយទៀត។ ខ្ញុំពិតជាអន្ទះសារក្នុងការជួបជាមួយមិត្តរួមក្រុម អ្នកគាំទ្រ និងភាពអស្ចារ្យជាច្រើនទៀតនៅក្នុងកីឡដ្ឋាន Parc Des Prince។ ខ្ញុំប្តេជ្ញានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបង្ហាញនូវអ្វីដែលអ្នករាល់គ្នារំពឹងទុកពីខ្ញុំនៅក្លិប Paris Saint-Germain"។
តាមពិតទៅ! លោក Mauricio Pochettino មានកីឡាករមួយចំនួនស្រាប់ទៅហើយក្នុងតំបន់នេះ ពោលគឺកីឡាករ Colin Dagba, Thilo Kehrer និង Abdou Diallo ជាដើមដែលសុទ្ធតែលេងនៅតំណែងការពារស្តាំ ហើយត្រូវខិតខំបន្ថែមទៀតសម្រាប់ការប្រជែងយកកៅអី១១នាក់ដំបូងជាមួយ Achraf Hakimi៕