ភ្នំពេញ៖ អណ្តើកហ្លួងដែលជាសត្វល្មួនតំណាងប្រទេសកម្ពុជា និងត្រូវបានកំណត់ដោយព្រះរាជក្រឹត្យនៅឆ្នាំ២០០៥ បន្ទាប់ពីត្រូវបានរកឃើញឡើងវិញក្នុងឆ្នាំ២០០០ នៅក្នុងខេត្តកោះកុង។ អណ្ដើកនេះធ្លាប់បានបាត់ខ្លួនពីប្រទេសកម្ពុជាជាង២០ឆ្នាំ ពីទសវត្សរ៍៨០ និង៩០។
យោងតាមការឱ្យដឹងពីរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ដ្រា បានឱ្យដឹងលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសបុករបស់លោកថា បន្ទាប់ពីបានរកឃើញឡើងវិញកម្ពុជាបានធ្វើការអភិរក្ស និងបង្កាត់ពូជសត្វនេះឡើងវិញក្នុងជម្រកធម្មជាតិ។
លោកថា៖ «បច្ចុប្បន្ននេះ កម្ពុជាមានមជ្ឈមណ្ឌលអភិរក្សសត្វល្មូននៅខេត្តកោះកុង ដែលជាកន្លែងអភិរក្ស និងបង្កាត់ពូជអណ្តើកហ្លួងដើម្បីលែងទៅក្នុងជម្រកធម្មជាតិវិញ។ តាមការសិក្សាអណ្តើកហ្លួងនេះមានវត្តមានតែនៅតំបន់ព្រែកស្រែអំបិលនិងព្រែកកំពង់លើស្ថិតក្នុងខេត្តកោះកុងនិងខេត្តព្រះសីហនុប៉ុណ្ណោះ។ ដើម្បីបង្កើនផលស្តុកក្នុងធម្មជាតិ មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង បានបង្កាត់ និងភ្ញាស់កូនអណ្តើកហ្លួង បានចំនួនជាង ៤៥០ក្បាល ដែលបច្ចុប្បន្ន ស្ថិតក្នុងការចិញ្ចឹម និងថែបំប៉នរបស់មជ្ឈមណ្ឌល ខណៈអណ្តើកហ្លួងវ័យជំទង់ចំនួន ១៤៧ក្បាល ដែលមានសុខភាពល្អ ត្រូវបានលែងឱ្យទៅរស់នៅតាមបែបធម្មជាតិវិញហើយពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២១»។
អណ្តើកហ្លួង ឬហៅថាអណ្តើកសរសៃ គឺជាប្រភេទអណ្តើកទឹកសាបដែលមានមាឌធំ។ អណ្តើកហ្លួងញី មានទំហំស្នូករហូតដល់ ៦២.៥សង់ទីម៉ែត្រ មានផ្ទៃពណ៌ប្រផេះ ឬខ្មៅទាំងអស់។ វាអាចបន្តពូជបាននៅអាយុចន្លោះពី ១៤ឆ្នាំ ដល់ ២៥ឆ្នាំ ខណៈអណ្តើកហ្លួងឈ្មោល អាចមានទំហំស្នូក ៤៩សង់ទីម៉ែត្រ មានភ្នែកពណ៌លឿងថ្លា ច្រមុះបះឡើង។
អណ្តើកហ្លួង មានម្រាមជើងមុខធំ ជាប់ស្បែកដូចជើងទា មានក្រញ៉ាំជើង៤ ខុសប្លែកពីអណ្តើកផ្សេងទៀត ដែលមានក្រញ៉ាំប្រាំ។ វាអាចរស់នៅក្នុងទឹកភ្លាវ (ទឹកសាបលាយទឹកសមុទ្រ) តាមពាម តាមព្រែក ដែលហូរចាក់ទៅក្នុងសមុទ្រ មានដើមកោងកាង ដើមចាក និងរុក្ខជាតិផ្សេងៗ ដុះតាមមាត់ច្រាំង។ អណ្តើកហ្លួង វាអាចរស់បានរហូតដល់អាយុជាង ១០០ឆ្នាំឡើងទៅ វាជាសត្វស៊ីរុក្ខជាតិ និងផ្លែឈើជាអាហារ មានដូចជា ផ្លែអំពូ (រុក្ខជាតិមានដុះច្រើនតាមមាត់ព្រែក ក្នុងព្រែកស្រែអំបិល ខេត្តកោះកុង) ត្រកួន ផ្លែឈើ សណ្តែកបណ្តុះ ផ្លែល្វា ផ្លែជម្ពូ រុក្ខជាតិក្នុងទឹកនានា ដូចជាកំប្លោក និងចកជាដើម ព្រមទាំងផ្លែឈើដែលមានផ្លែតាមរដូវកាល ដែលអាចរកបានផ្សេងៗ ទៀតផងដែរ។ ហើយម្តងម្កាលពួកវាក៏ស៊ីចំណីជាសាច់ដូចជាបង្កង បង្គារ ជាដើមផងដែរ។
អណ្តើកហ្លួង ជាប្រភេទសត្វកម្រដែលជិតផុតពូជ ដូចពពួកខ្លាឃ្មុំខ្មៅអាស៊ី ដំរីអាស៊ី និងប្រភេទខ្លាដំបងឥណ្ឌូចិនជាដើម។
ប្រវត្តិដែលសត្វនេះត្រូវបានដាក់បញ្ចូលជានិមិត្តរូបតំណាងឱ្យជាតិ ប្រវត្តិពីបុរាណដំណាលថា នៅក្នុងប្រទេសកម្ពុជា កាលពីបុរាណ អណ្តើកហ្លួង មានប្រវត្តិជាប្រភេទអណ្តើកដែលត្រូវបានការពារដោយព្រះរាជក្រិត្យ ដោយបានចាត់ទុកជាព្រះរាជសម្បតិ្តរបស់ព្រះរាជវង្សានុវង្ស។
កាលពីដើមឡើយ តាមរយៈនៃការចាប់ និងប្រមូលពងដោយប្រជាពលរដ្ឋ ដើម្បីយកទៅថ្វាយព្រះមហាក្សត្រ និងគ្រួសារព្រះរាជវង្ស និងដោយឃើញរូបរាងស្អាត និងការស្រឡាញ់ ព្រះមហាក្សត្រក៏បានដាក់ព្រះរាជបញ្ជាឱ្យមានការយាមកាម និងការពារចំពោះអណ្តើក រហូតដល់ប្រជារាស្រ្តហៅអណ្តើកប្រភេទនេះថា «អណ្តើកហ្លួងៗ» តរហូតមកដល់សត្វថ្ងៃនេះ។ ក្រោយមក ប្រជាជនខ្មែរដែលបានជួបប្រទះ ឬចាប់បានអណ្តើកហ្លួង ភាគច្រើន តែងតែយកមកលាងសម្អាត លាបប្រេងម្សៅ និងនិមន្តព្រះសង្ឃសូត្រធម៌ បួងសួងសុំសេចក្តីសុខ រួចលែងវាចូលទៅទីជម្រកដើមក្នុងធម្មជាតិវិញ។
អណ្ដើកហ្លួង ឬអណ្ដើកសរសៃ ត្រូវបានដាក់ចូលជានិមិត្តរូបជាតិ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/១៤៩៕