ACU កោតសរសើរមន្ត្រីក្រសួងអប់រំ អ្នកសង្កេតការណ៍ និងអាជ្ញាធរពាក់ព័ន្ធដែលរៀបចំការប្រឡងបាក់ឌុបប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់មន្ត្រីក្រសួងអប់រំ មន្ត្រីក្រសួងសុខាភិបាល អ្នកសង្កេតការណ៍ និងអាជ្ញាធរពាក់ព័ន្ធក្នុងការរៀបចំដំណើរការប្រឡងបាក់ឌុបរយៈពេលពីរថ្ងៃបញ្ចប់ដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពបទប្បញ្ញត្តិជាធរមាន និងមានចំណាត់ការឆ្លើយតបបានយ៉ាងទាន់ពេលវេលា។
ACU បានកោតសរសើរដល់អ្នកសង្កេតការណ៍ស្ម័គ្រចិត្តទាំងអស់ដែលបានលះបង់ពេលវេលារបស់ខ្លួនមកបំពេញការងារស្ម័គ្រចិត្តដើម្បីឆ្លើយតបនឹងដំណើរការនៃកំណែទម្រង់លើវិស័យអប់រំ សំដៅពង្រឹង និងពង្រីកគុណភាពយុវជនជំនាន់រួមគ្នា។
អង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងថា៖ «យុវជន ពិតជាធនធានដ៏មានតម្លៃ កម្លាំងដ៏ខ្លាំងក្លាក្នុងការរុញច្រានការអភិវឌ្ឍសង្គមជាតិ ដូច្នេះយុវជនត្រូវប្រើប្រាស់ភាពយុវវ័យរបស់ខ្លួនឱ្យមានប្រយោជន៍ដល់ខ្លួន គ្រួសារ និងសង្គមជាតិទាំងមូល»។
ACU ក៏បានវាយតម្លៃខ្ពស់ចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដែលបានរៀបចំ អ្នកសង្កេតការណ៍ស្ម័គ្រចិត្តឱ្យចូលរួមសង្កេតការណ៍លើដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ និងពេលកន្លងមក។
ACU ថ្លែងថា៖ «កាយវិការប្រកបដោយអត្ថន័យនេះ បង្ហាញនូវឆន្ទៈដ៏មោះមុតក្នុងការចូលរួមអនុវត្តកម្មវិធីកំណែទម្រង់លើវិស័យអប់រំ និងពង្រឹងសមត្ថភាពរបស់យុវជនជំនាន់ក្រោយ ដែលជាធនធានមនុស្សសម្រាប់បន្តវេនសង្គមកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត»។
ឆ្នាំ២០២២ ជាឆ្នាំទី៨ និងជាលើកទី៩ ដែលអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានសហការជាមួយនឹង ក្រសួងអប់រំ យុវជន និងកីឡា ចូលរួមសង្កេតការណ៍លើដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
គូសបញ្ជាក់ថា ក្នុងថ្ងៃប្រឡង ៥ធ្នូ ២០២២ មានថ្នាក់ដឹកនាំមន្ត្រី ACU និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្តជាង៣ពាន់នាក់ចូលរួមក្នុងដំណើរការប្រឡងបាក់ឌុបធានាឱ្យបាននូវគោលការណ៍ទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
ការប្រឡងបាក់ឌុបឆ្នាំ២០២២នេះ ជាការឆ្នាំទី៨នៃការរឹតបន្តឹងក្នុងការប្រឡងបាក់ឌុប និងជាឆ្នាំទី៩ហើយដែលអង្គភាពប្រឆាំងអំពើពុករលួយ បានសហការជាមួយនឹង ក្រសួងអប់រំ យុវជន និងកីឡា ចូលរួមសង្កេតការណ៍លើដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ៕