ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

លោក ប្រាក់ សុខុន កោតសរសើរការរួមចំណែកដ៏សកម្មរបស់ទូតជប៉ុននៅកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរប្រកបដោយផ្លែផ្កា។ 

លោករដ្ឋមន្ត្រីការបរទេសនៃកម្ពុជាបានកោតសរសើរបែបនេះក្នុងឱកាសដែលឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានចូលជួបសម្តែងការគួរសម និងជម្រាបលាលោក នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ខណៈលោកឯកអគ្គរាជទូតនឹងចប់អាណត្តិបេសកកម្មការទូតនៅថ្ងៃខាងមុខនេះ។ 

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរដែលនឹងឈានដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២៣ ដែលជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃការបង្កើតទំនាក់ទំនងការទូត។  

លោក ប្រាក់ សុខុន បានកោតសរសើរដល់លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ដែលបានរៀបចំបានយ៉ាងល្អសម្រាប់ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ រួមទាំងដំណើរទស្សនកិច្ចផ្លូវការ របស់លោកនាយករដ្ឋមន្ត្រីជប៉ុន KISHIDA Fumio មកកាន់កម្ពុជាកាលពីខែមីនាកន្លងទៅ។ ជាពិសេសការអញ្ជើញចូលរួមរបស់នាយករដ្ឋមន្ត្រីជប៉ុនក្នុងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាកាលពីខែវិច្ឆិកាថ្មីៗនេះ។  

ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ចំពោះលោកឯកអគ្គរាជទូតជប៉ុនដែលបានរៀបចំដំណើរទស្សនកិច្ចទាំងពីរលើករបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងគូម៉ាម៉ូតូ ប្រទេសជប៉ុន កាលពីខែមេសាឆ្នាំនេះ និងដើម្បីទៅចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោកABE Shinzo កាលពីខែកញ្ញាកន្លងទៅនេះផងដែរ។

បន្ថែមពីនេះ លោក ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនដែលបានផ្តល់ជំនួយអភិវឌ្ឍន៍សង្គមកម្ពុជាកន្លងមក។                                       

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ក៏បានអបអរដល់នាយករដ្ឋមន្ត្រីកម្ពុជាដែលធ្វើជាប្រធានអាស៊ានប្រកបដោយជោគជ័យ ហើយលោកក៏កោតសរសើរដល់ ប្រាក់ សុខុន ក្នុងឋានៈជាប្រធានកិច្ចប្រជុំ ដែលបាននាំមកនូវលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ហើយនិងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំ ខណៈពេលមានវិបត្តិដ៏ធ្ងន់ធ្ងរជាច្រើននៅក្នុងតំបន់ និងអន្តរជាតិ។

លើសពីនេះលោកក៏បានសាទរកម្ពុជាផងដែរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការជួយមីយ៉ាន់ម៉ាឱ្យវិលត្រឡប់ទៅរក ប្រក្រតីភាពឡើងវិញ ដោយបានគូសបញ្ជាក់ថា បើគ្មានកិច្ចខិតខំប្រឹងប្រែងទាំងនេះទេ ស្ថានភាព នៅក្នុងប្រទេសមីយ៉ាន់ម៉ា អាចនឹងកាន់តែអាក្រក់ខ្លាំងជាងនេះ។

គូសបញ្ជាក់ថា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) បានចូលកាន់តំណែងជាឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានៅខែកញ្ញា ឆ្នាំ២០១៩ ដែលក្នុងអាណត្តិរបស់លោកជាង៣ឆ្នាំកន្លងទៅនេះលោកបានចូលរួមរំលែកក្នុងការពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុនឱ្យកាន់តែរឹងមាំនិងការអភិវឌ្ឍន៍សង្គមកម្ពុជាតាមរយៈជំនួយរបស់រដ្ឋាភិបាលជប៉ុន៕  



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក