ព្រះសីហនុ៖ រសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន អញ្ជើញដឹកនាំមន្ត្រីមន្ទីរអង្គភាពជំនាញចុះពិនិត្យការរៀបចំកែលម្អសោភ័ណភាព និងបរិស្ថានត្រៀមរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោកឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។
ក្នុងឱកាសនោះអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ក៏បានធ្វើការណែនាំឱ្យក្រុមការងារដំឡើងក្លោងទ្វារបុណ្យសមុទ្រ ត្រូវធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញល្អស្អាត និងការដំឡើងស្តង់ពិព័រណ៍ចំនួនជាង ៣០០ស្តង់ នៅទីលានតេជោ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ រួចបន្តទៅពិនិត្យសកម្មភាពឈូសឆាយសំអាតឆ្នេរខ្សាច់កម្សាន្តនៅឆ្នេរអូរឈើទាល ព្រមទាំងពិនិត្យអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅអូរឈើទាល ក្នុងទឹកដីភូមិសាស្ត្រក្រុងព្រះសីហនុ ។
លោកអភិបាលខេត្តក៏បានបន្តដំណើរទៅពិនិត្យទីតាំងរង្វង់មូលព្រះថោងនាងនាគ នៅឃុំបិតត្រាំង និងរង្វង់មូលព្រះបដិមា ឧមាមហេស្វរ នៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីអបអរសាទរឆ្ពោះទៅបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោកឆ្នាំ២០២២។
គួរឱ្យដឹងផងដែលថា ខេត្តព្រះសីហនុនឹងរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគលើសកលលោក ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ ៕