ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា រយៈពេលពីរថ្ងៃនៃការប្រឡងបាក់ឌុប ថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ បានប្រព្រឹត្តទៅដោយរលូនប្រកបដោយសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ ពោលមិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។
ក្រសួងអប់រំគូសបញ្ជាក់ថា ទោះបីនៅតាមមណ្ឌលប្រឡងមួយចំនួនមានភ្លៀងធ្លាក់ ប៉ុន្តែមិនបង្កផលប៉ះពាល់ដល់ដំណើរការប្រឡងឡើយ។
ក្រសួងអប់រំបានប្រាប់ឱ្យដឹងថា ការប្រឡងបាក់ឌុប២ថ្ងៃនេះ មានបេក្ខជនអវត្តមានចំនួន ២៤០០នាក់ ស្មើនឹង ១,៨៧ភាគរយ ក្នុងនោះស្រី ១០៣៦នាក់។
បើតាមក្រសួងអប់រំ ក្នុងដំណើរការប្រឡងពេញមួយថ្ងៃនេះ មានបេក្ខជនចំនួន ៧០នាក់មានបញ្ហាសុខភាព ក្នុងនោះមានបេក្ខជនចំនួន ៤នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ និងបេក្ខជនចំនួន ៤នាក់ទៀត សង្ស័យវិជ្ជមានកូវីដ-១៩។ ក្រសួងបញ្ជាក់ថា ក្នុងចំណោមបេក្ខជនដែលមានបញ្ហាសុខភាព គឺមានបេក្ខជនចំនួន ៣នាក់មិនអាចបន្តប្រឡង។ ជាមួយគ្នានេះមានបេក្ខជនប្រព្រឹត្តកំហុសឆ្គងមានចំនួន ១ករណី។
ជាមួយគ្នានេះមានគណៈកម្មការចំនួន ១៤នាក់មានបញ្ហាសុខភាពអំឡុងបំពេញភារកិច្ចក្នុងដំណើរការប្រឡងបាក់ឌុប។ ក្នុងនោះ ១នាក់មានស្ថានភាពធ្ងន់ធ្ងរដែលត្រូវបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ក្រសួងអប់រំបានបន្តថា សំណៅកិច្ចការបេក្ខជន និងសំណុំឯកសារពាក់ព័ន្ធការប្រឡង នឹងត្រូវត្រួតពិនិត្យដោយហ្មត់ចត់បំផុត និងត្រូវបញ្ជូនមកកាន់រាជធានីភ្នំពេញនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ដើម្បីត្រៀមដំណើរការកំណែ។
ក្នុងដំណើរការប្រឡងបាក់ឌុបឆ្នាំនេះ មានបេក្ខជនសរុបចំនួន ១២៨ ១៣៥នាក់ ស្រី ៦៨ ៧៧១នាក់ មាន ២២១មណ្ឌល ដែលត្រូវជា ៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន ១៧ ២៤០នាក់ជំនួយការអប្បមាទដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន ២ ៧៥៦នាក់។ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីចំនួន ៣៥០នាក់ និងអ្នកសង្កេតការណ៍រាជធានី ខេត្តចំនួន ២ ៧០០នាក់។
គូសបញ្ជាក់ថា ការប្រកាសលទ្ធផលប្រឡងនឹងធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់បេក្ខជននៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយសម្រាប់ខេត្តដទៃទៀត ក្រសួងនឹងប្រកាសនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២៕