បុរសដែលបើករថយន្តទាំងស្រវឹងបុកទារក និងម្តាយនៅលើស្ពានជ្រោយចង្វារត្រូវបានអាជ្ញាធរកសាងសំណុំរឿងបញ្ជូនទៅតុលាការ ទោះបីសងជំងឺចិត្តដល់ជនរងគ្រោះក្តី
ភ្នំពេញ៖ ស្នងការដ្ឋានរាជធានីភ្នំពេញ បានបញ្ជាក់ថា បុរសម្នាក់ករណីគ្រោះដែលបានបើករថយន្តបុកជនរងគ្រោះចំនួន ៣នាក់ ក្នុងនោះមានទាំងទារក រវាងរថយន្ត និងម៉ូតូដែលនៅលើស្ពានជ្រោយចង្វារចាស់ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់ ទោះបីជាមានការបញ្ចប់សំណងជំងឺចិត្ត ២៥០០ដុល្លាដល់ជនរងគ្រោះក្តី។
តាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២និង១០នាទី លើស្ពានជ្រោយចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនិងបានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់នេះ ភាគីទាំងអស់បានឯកភាពគ្នាសុំបញ្ចប់សំណងរដ្ឋប្បវេណីចំនួន ២,៥០០ដុល្លារ ដោយមិនមានការបង្ខិតបង្ខំនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ រួចរាល់ហើយ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ដោយផ្នែកតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការវាស់វែងពិនិត្យកន្លែងកើតហេតុ និងស្លាកស្នាមយាន្ត មន្ត្រីជំនាញសន្និដ្ឋានបានថា មូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់គឺ អ្នកបើកបររថយន្ត បើកបរលឿនខ្វះការប្រុងប្រយ័ត្ន និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹងមានអត្រាជាតិអាល់កុល ០.៥៣Mg/L និងត្រូវបានផាកពិន័យ ចំនួន ២លានរៀល តាមមាត្រា១០ថ្មី នៃអនុក្រឹត្យលេខ ៣៩អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។
ទោះបីជាមានការបញ្ចប់សំណងរដ្ឋប្បវេណីយ៉ាងណាក៏ដោយ ប៉ុន្តែករណីគ្រោះថ្នាក់នេះនៅជាប់បណ្តឹងអាជ្ញា ហើយកម្លាំងជំនាញកំពុងក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ឱ្យដឹងទៀតថារាល់ការអនុវត្តរបស់មន្ត្រីជំនាញ គឺអនុវត្តទៅតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយមានការពិនិត្យវាស់វែង ឃាត់ខ្លួនជនបង្ក និងរថយន្តមករក្សាទុក វាស់សារជាតិស្រវឹង ដើម្បីពិន័យតាមច្បាប់ និងរៀបចំសំណុំរឿងបញ្ជូនបន្តទៅតុលាការ ចំណែកឯភាគីទាំង២ យល់ព្រមឯកភាពទទួលសំណង ជារឿងរបស់ភាគីបង្ក និងជនរងគ្រោះ៕