
ប្រធានាធិបតី Joe Biden នៅតែអំពាវនាវឱ្យពលរដ្ឋអាមេរិកទៅទទួលវ៉ាក់សាំង ខណៈអ្នកបានចាក់រួចកើនឡើងដល់ជិត ១៦០លាននាក់
អាមេរិក៖ ប្រធានាធិបតីអាមេរិក Joe Biden នៅថ្ងៃទី០៦ ខែកក្កដានេះ បានធ្វើការលើកទឹកចិត្ត និងអំពាវនាវទៅកាន់ប្រជាពលរដ្ឋអាមេរិកទាំងឡាយណាដែលមិនទាន់បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចរាល់ សូមឱ្យពួកគេប្រញាប់ទៅទទួលយកការផ្តល់វ៉ាក់សាំងការពារកូវីដ-១៩ឱ្យបានឆាប់រហ័ស ដើម្បីការពារពីការរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសការពារខ្លួនពីវីរុសកូវីដ-១៩ថ្មី ឌែលតាវ៉ារ្យ៉ងដែលកំពុងរាតត្បាត និងគំរាមកំហែងប្រទេសជាច្រើនក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។
លោក ចូ បៃដិន បានធ្វើការអះអាងប្រាប់ទៅកាន់បណ្តាប្រព័ន្ធផ្សព្វផ្សាយថា អាមេរិកនឹងឈានដល់ការផ្តល់វ៉ាក់សាំងដល់ប្រជាជនបាន ១៦០លាននាក់នៅចុងសប្តាហ៍នេះ ប៉ុន្តែលោកក៏បានព្រមានផងដែរពីការប្រឈមឆ្លងវីរុសកូវីដ-១៩ ឌែលតា (Delta) ចំពោះប្រជាជនទាំងឡាយណាដែលមិនទាន់ទទួលបានវ៉ាក់សាំង។
វីរុសកូវីដបំលែងខ្លួនថ្មីប្រភេទ Delta បានក្លាយជាប្រធានបទក្តៅ និងសំខាន់នៅក្នុងប្រទេសជាច្រើនលើពិភពលោក ត្បិតប្រភេទថ្មីនេះងាយស្រួលក្នុងចម្លង និងសាយភាយលឿនខ្លាំង បើប្រៀបជាមួយកូវីដដែលរកឃើញនៅគ្រាដំបូង ហើយវីរុសប្រភេទ ឌែលតា នេះ ក៏អាចបង្កហានិភ័យខ្ពស់ជាងមុនផងដែរ ជាពិសេសប្រសិនបើវីរុសនេះឆ្លងដល់មនុស្សដែលមានវ័យក្មេង។ អាជ្ញាធរសុខាភិបាលរបស់អាមេរិកបានបញ្ជាក់ថា ឥឡូវនេះវីរុសកូវីដ-១៩ប្រភេទ Delta ត្រូវបានគេរកឃើញនូវគ្រប់រដ្ឋទាំងអស់ក្នុងសហរដ្ឋអាមេរិក។
ជាថ្មីម្តងទៀត លោក បៃដិន បានលើកឡើងសាជាថ្មីថា គ្មានអ្វីសំខាន់ជាងការទទួលយកវ៉ាក់សាំងការពារកូវីដ-១៩ឡើយ ហើយប្រាកដណាស់ថាវ៉ាក់សាំងពិតជាមានប្រសិទ្ធិភាព និងអាចការពារអ្នកពីអន្តរាយដែលកើតមានដោយសារវីរុសនេះបាន៕