អាយុមិនមែនជាឧបសគ្គក្នុងការអភិវឌ្ឍចំណេះដឹង! បេក្ខជនមានវ័យជិត៦០ឆ្នាំម្នាក់មិនបោះបង់ការប្រឡងយកសញ្ញាបត្របាក់ឌុប
បន្ទាយមានជ័យ៖ «អាយុមិនមែនជាឧបសគ្គក្នុងការអភិវឌ្ឍចំណេះដឹងឡើយ»។ នេះជាសាររបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលកោតសរសើរដល់បេក្ខជនប្រឡងបាក់ឌុបម្នាក់ដែលមានអាយុ ៥៦ឆ្នាំទៅហើយ ប៉ុន្តែនៅបន្តមកប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា ២០២១-២០២២។
បើតាមការផ្សាយព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា បេក្ខជនប្រឡងបាក់ឌុបវ័យ ៥៦ឆ្នាំ ឈ្មោះ ហែម ស៊ីណាត ប្រឡងនៅមណ្ឌលសកលវិទ្យាល័យជាតិមានជ័យ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នជាគ្រូអក្ខរកម្ម នៅក្នុងភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។
បេក្ខជន ហែម ស៊ីណាត ជាបេក្ខជនបំពេញវិជ្ជាប្រឡងបាក់ឌុបដែលមានវ័យច្រើនជាងគេក្នុងចំណោមបេក្ខជនប្រឡងជាង១២ម៉ឺននាក់។ បេក្ខជនវ័យ ៥៦ឆ្នាំរូបនោះត្រូវបានមហាជនជាច្រើនស្ងប់ស្ងែង និងកោតសរសើរដល់អ្នកគ្រូដែលមិនអៀនខ្មាសប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនេះផ្តល់ជាគំរូដល់បេក្ខជនដែលប្រឡងធ្លាក់ដទៃទៀតឱ្យបន្តប្រឹងប្រែងរៀនសូត្ររហូតទាល់តែប្រឡងជាប់។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Lav Tola Serey Sohorn បានបង្ហោះរូបថតដោយមានការសុំការអនុញ្ញាតពីបេក្ខជន ហែម ស៊ីណាត រួមទាំងរៀបរាប់ទាំងក្តីអាណិតអាសូរដល់បេក្ខជនវ័យចំណាស់ដែលតស៊ូខិតខំមកប្រឡងដោយមិនគិតពីអាយុ។
ម្ចាស់គណនីដែលបង្ហោះនោះ ជាអ្នកសង្កេតការណ៍ក្នុងដំណើរការប្រឡងនៅមណ្ឌលសកលវិទ្យាល័យជាតិមានជ័យ ខេត្តបន្ទាយមានជ័យ បានរៀបរាប់ដូច្នេះថា៖ «ខ្ញុំបានលួចសួរគាត់ថា អ្នកម្ដាយយកសញ្ញាបត្រធ្វើអីម្ដាយចាស់ហើយ គាត់ថាចង់ធ្វើគ្រូបង្រៀនបានលុយមកចិញ្ចឹមកូន ហើយគាត់ថាម៉ែគ្មានកំលាំងឯណាទៅធ្វើការធ្ងន់បានទេ ម្ដាយគ្មានកំលាំង ម្ដាយដើរក៏មិនចង់រួច ឈឺដៃឈឺជើង កូននៅផ្ទះគ្មានអីហូប»។
បើតាមអ្នកសង្កេតការណ៍រូបនោះ បេក្ខជន ហែម ស៊ីណាម ជាស្ត្រីមេម៉ាយដែលត្រូវចិញ្ចឹមកូនចំនួន ៤នាក់ក្នុងបន្ទុក៕